(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានចេញសេចក្ដីប្រកាសព័ត៌មាន ថ្លែងអំណរគុណចំពោះអ្នកសង្កេតការណ៍អន្ដរជាតិ ចំនួន២២០នាក់ មកពីស្ថាប័ន និងអង្គការអន្ដរជាតិ ព្រមទាំងអ្នកសង្កេតការណ៍អន្ដរជាតិជាច្រើនទៀត មកពីប្រទេសចំនួន៥២ ក្នុងទ្វីបទាំង៥ ដែលចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ក្នុងសេចក្ដីប្រកាសដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានបញ្ជាក់ថា គណៈប្រតិភូអន្ដរជាតិ បានចូលរួមសង្កេតការណ៍ការ បោះឆ្នោតយ៉ាងសកម្ម និងប្រកបដោយវិជ្ជាជីវៈ និងបានតាមដានយ៉ាងដិតដល់ចំពោះយុទ្ធនាការនៃការបោះឆ្នោត។
បន្ថែមពីនេះ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកសង្កេតការណ៍ជាតិ ចំនួន១០៣៦នាក់ មកពីអង្គការ និងសមាគមក្នុងស្រុកចំនួន៩៣ នៅទូទាំង២៥រាជធានី-ខេត្ត ដែលបានចូលរួមសង្កេតការណ៍ការបោះឆ្នោតឆ្នាំ២០១៨នេះ ក្រោមការសម្របសម្រួលរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល។
ជាមួយគ្នានេះ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក៏បានគូសបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិទាំងអស់ បានធ្វើការសន្និដ្ឋានថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាព ហើយលទ្ធផលនៃការបោះឆ្នោតនេះ គឺឆ្លុះបញ្ចាំងពីឆន្ទៈដ៏ពិតប្រាកដរបស់ប្រជាជនកម្ពុជា៕