(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃអង្គារ ៤រោច ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ បានបើកសិក្ខាសាលាថ្នាក់តំបន់មួយស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរអាវុធធុនស្រាលខុសច្បាប់របស់អង្គការគយពិភពលោក។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក នួន ច័ន្ធរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងលោក មបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងដោយមានការចូលរួមពីលោក Mohammad Ehteshamul Hoque និង លោក Andrew Alan REYNOLDS អ្នកជំនាញការគម្រោងសុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក នៃអង្គការគយពិភពលោក និង មន្រ្តីគយពាក់ព័ន្ធមកពី ៩ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។
សិក្ខាសាលានេះ មានរយៈពេលដប់មួយថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ដែលត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយអង្គការគយពិភពលោកក្នុងគោលបំណងបណ្តុះបណ្តាលគ្រូបង្គោល និងបង្កើនសមត្ថភាពដល់មន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃបណ្តាប្រទេសដែលនឹងចូលរួមអនុវត្តគម្រោងសន្ដិសុខដឹកជញ្ជូនតាមផ្លូវអាកាសប្រឆាំង និងទប់ស្កាត់ការជួញដូរខុសច្បាប់ នៃអាវុធធុនស្រាលគ្រប់ប្រភេទ (SALW)។
ថ្លែងក្នុងពិធីបើកលោក Shigeaki Katsu អ្នកជំនាញការរយៈពេលវែងនៃទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាតំណាងរដ្ឋបាលគយជប៉ុន បានលើកឡើងថា សិក្ខាសាលានេះ នឹងក្លាយជាផ្នែកដ៏សំខាន់មួយ នៃកម្មវិធីសន្តិសុខរបស់អង្គការគយពិភពលោក ដើម្បីពង្រឹងសមត្ថភាពរបស់រដ្ឋបាលគយក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ការជួញដូរខុសច្បាប់នូវអាវុធធុនស្រាល និងជាការយកចិត្តទុកដាក់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ។
លោកក៏បានថ្លែងផងដែរថា សិក្ខាសាលានេះ ជាឱកាសសម្រាប់អ្នកចូលរួមទាំងអស់សហការគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត និងដើម្បីក្លាយជាដៃគូរក្នុងការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធន៍គន្លឹះដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដោយប្រសិទ្ធភាព។
លោក នួន ច័ន្ធរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងអំណរគុណដល់អង្គការគយពិភពលោកដែលបានជ្រើសរើសកម្ពុជាចូលរួមក្នុងការអនុវត្តគម្រោង និងអរគុណដល់រដ្ឋាភិបាលជប៉ុនសម្រាប់ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សិក្ខាសាលានេះ។
លោក ក៏បានគូសបញ្ជាក់ផងដែរថា ការជួញដូរខុសច្បាប់នៃអាវុធធុនស្រាល អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពជាអន្តរជាតិ ព្រមទាំងគំរាមកំហែងដល់ជីវិតមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។ ជាមួយគ្នាដែរ ការរៀបចំសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ដែលនឹងផ្តល់ឲ្យអ្នកចូលរួមទាំងអាជ្ញាធរគយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការពង្រឹងសមត្ថភាព ចំណេះដឹងផ្នែកបច្ចេកទេស និងការអនុវត្តជាក់ស្តែងក្នុងការទប់ស្កាត់អាវុធធុនស្រាល ដែលអាចនឹងត្រូវបានជួញដូរនៅក្នុងតំបន់។
លោកក៏បានលើកឡើងផងដែរថា សិក្ខាសាលានេះ គឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ដើម្បីបាន ស្វែងយល់ និងបង្កើនចំណេះដឹង តាមរយៈការពិភាក្សា ផ្លាស់ប្តូរមតិយោបល់ដោយផ្ទាល់ជាមួយក្រុមជំនាញការរបស់អង្គការគយពិភពលោក៕