(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បំពោះបញ្ហាសុខភាព ជាពិសេសកូមារតូចនៅក្នុងរដូវវស្សានេះ។
នាយឧត្តមសេនីយ៍ អ៊ី ឈាន បានថ្លែងបែបនេះនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសនាយឧត្តមសេនីយ៍ បានដឹកនក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាទៅឧបត្ថម្ភ ដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
លោក អ៊ី ឈាន បានថ្លែងថា រដូវនេះ ជារដូវវស្សាមានភ្លៀងធ្លាក់ច្រើន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ព្រោះអាចមានជំងឺផ្សេងៗនឹងកើតឡើង និងប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត នានាដូចជា៖ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងរន្ទះបាញ់ជាដើម ដែលអាចបង្កជាបញ្ហាលំបាកដល់ក្រុមគ្រួសារ ជាពិសេសត្រូវថែទាំសុខភាព និងអនាម័យសម្រាប់កុមារតូចៗ ហើយបើសង្កេតឃើញកូនៗ មានសភាពមិនសូវស្រួល ត្រូវនាំទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យ ជៀសវាងទុកឱ្យកុមារមានសភាពជំងឺធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។
នាយឧត្តមសេនីយ៍ ក៏បានថ្លែងការកោតសរសើ និងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តខិតខំដោះស្រាយបម្រើ និងពិនិត្យព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋយើង ឱ្យកាន់តែល្អថែមទៀត ហើយព្រមជាមួយនេះ លោក អ៊ី ឈាន ក៏បានបង្ហាញមនោសញ្ចេតនាអាណិតស្រឡាញ់ និងស្និទ្ធស្នាលជាទីបំផុត ព្រមទាំង បានឧបត្ថម្ភដល់អ្នកជំងឺក្នុងម្នាក់ៗ ឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀល និងបានឧបត្ថម្ភដល់ស្ត្រីសម្រាលកូនទីទាល់ទាល់ក្រ ឈ្មោះ ឈឿន សោភី ប្តីឈ្មោះ ម៉ិច ហ៊ន រស់នៅភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ចំនួន១លានរៀលផងដែរ។
បើតាមការបញ្ជាក់របស់លោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា អ្នកជំងឺដែលកំពុងសម្រាកព្យាបាលមានចំនួន៦៩នាក់ ក្នុងនោះមានកុមារចំនួន១៩នាក់ ជំងឺវះកាត់ចំនួន១១នាក់ ជំងឺទូទៅចំនួន១២នាក់ ជំងឺសង្គ្រោះបន្ទាន់ចំនួន១៧នាក់ និងស្ត្រីសម្រាលកូន ចំនួន១០នាក់៕