(ព្រះវិហារ)៖ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំបើកកិច្ចប្រជុំបូកសសរុបការងារ យោធាប្រចាំខែកក្កដា និងលើកទិសដៅការងារ យោធាប្រចាំខែសីហា ឆ្នាំ២០១៨ និងមានពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ និងជូនបណ្ណសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហានរបស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករង ព្រះវិហារក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដោយមានសមាសភាពថ្នាក់ដឹកនាំ មេបបញ្ជាការរង នាយ នាយរង សេនាធិការ នាយ នាយរង ការិយាល័យ ផ្នែកជាច្រើនរូបទៀត។
ឆ្លងតាមសកម្មភាពការងារប្រចាំខែកក្កដាកន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា បានវាយតម្លៃ ដោយកោតសរសើរចំពោះនាយទាហាន និងពលទាហានទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ចូលរួមសហការជាមួយអជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ បានយ៉ាងល្អប្រសើរ។
ជាមួយគ្នានេះផងដែរ លោកមេបញ្ជាការបានណែនាំឲ្យនាយ និងពលទាហានយើង ត្រូវការពារឲ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់អាណត្តិទី៦ ដែលប្រសូត្រចេញពីការបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រកាសជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។
លោកឧត្តមសេនីយ៍ទោ បានបន្តទៀត ដោយលើកយកចំណុចសំខាន់ៗមួយចំនួន នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ និងលក្ខណៈសម្បត្តិ៥យ៉ាង របស់នាយទាហានជាថ្នាក់ដឹកនាំ រួមមាន៖
ទី១៖ មជ្ឈមណ្ឌលប្រតិកម្មរហ័ស និងឈ្លាសវៃក្នុងការដោះស្រាយសភាពការណ៍ ដោយម៉ត់ចត់ មានសមត្ថភាពគ្រប់គ្រាន់ និងមានការសាមគ្គីល្អ
ទី២៖ ពេលទទួលបានបានបទបញ្ជា ត្រូវមានសមត្ថភាពក្នុងការសម្រេចភារកិច្ចទាំងពេលបំពេញការងារ ក្នុងអង្គភាពក៏ដូចជានៅសមរភូមិ
ទី៣៖ ការគ្រប់គ្រងកងកម្លាំង និងចិញ្ចឹមទ័ព
ទី៤៖ មានការទំនាក់ទំនងសាមគ្គីល្អ ជាមួយអាជ្ញាធរដែនដី សមត្ថភាពជំនាញ និងប្រជាពលរដ្ឋនៅមូលដ្ឋាន
ទី៥៖ ផ្សារភ្ជាប់ខ្លួន ឬសមាហរណកម្មជាមួយថ្នាក់ជាតិ និងអន្តរជាតិ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោបានសំដែងនូវការអបអរសារទរចំពោះនាយទាហានដែលត្រូវបានទទួលការបំពាក់ឋានន្តរស័ក្តិនៅពេលនេះ ហើយលោកក៏បានក្រើនរំឮកដល់មេបញ្ជាការគ្រប់ កងឯកភាពចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជា ការពារតាមខ្សែរបន្ទាត់ព្រំដែនឲ្យបានល្អ ដោយមិនឲ្យប្រទេសណាមករំលោភបំពានជាដាច់ខាត៕