(ឧត្ដរមានជ័យ)៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ មានព័ត៌មានយល់ច្រឡំមួយ ដែលបង្កើតឡើងដោយក្រុមប្រឆាំង នៅក្នុងប្រទេសកម្ពុជា យកទៅបង្ហោះជាមួយនឹងរូបភាពស្ដ្រីម្នាក់ នៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធការជ្រលក់ដៃ២ដង (ចង្អុលដៃឆ្វេង និងដៃស្ដាំ) នៅពេលស្ដ្រីរូបនេះទៅបោះឆ្នោត ដោយក្រុមប្រឆាំងសរសេរថា «ស្ដ្រីរូបនេះបានទៅបោះឆ្នោត២ដង និងបានលុយ២ដងផងដែរ»។
ក្រោយពីមានការបង្ហោះព័ត៌មានខុសពីការពិត ដែលនាំឲ្យមានការយល់ច្រឡំពីមហាជនទូទៅ នៅលើគណនី Facebook ឈ្មោះ «Hang Meang khou» ដែលជាសកម្មជនម្នាក់របស់អតីត គណបក្សសង្គ្រោះជាតិនោះ អាជ្ញាធរ និងសមត្ថកិច្ចខេត្តឧត្ដរមានជ័យ បានចាប់ផ្ដើមធ្វើការស្រាវជ្រាវ ហើយចុះទៅសួរនាំផ្ទាល់ ជាលទ្ធផលទើបដឹងការពិតច្បាស់ មិនមែនដូចការចោទប្រកាន់ និងខ្លឹមសារបង្ហោះនៅក្នុងបណ្ដាញសង្គម Facebook នោះឡើយ។
ស្ដ្រីរូបនេះឈ្មោះ ជឿយ ចាន់នី អាយុ៥១ឆ្នាំ មានមុខរបរជាអ្នកលក់គុយទាវ និងបបរ ស្ថិតនៅភូមិគោកវត្ត ឃុំ-ស្រុកចុងកាល ខេត្ដឧត្ដរមានជ័យ ដែលត្រូវបានគណនី Facebook ឈ្មោះ «Hang Meang khou» បង្ហោះរូបថតគាត់មួយសន្លឹកដោយលើកចង្អុលដៃ ប្រឡាក់ទឹកថ្នាំបោះឆ្នោតទាំង២ អមដោយខ្លឹមសារយ៉ាងដូច្នេះថា «ព្រឹកនេះនៅតាមដងផ្លូវទៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ខ្ញុំបានឈានចូលញាំអាហារពេលព្រឹក បងស្រីបង្ហាញចង្អុលដៃទាំងពីរ របស់គាត់ឲ្យខ្ញុំមើល គាត់សួរខ្ញុំថាហេតុអ្វីប្អូនអត់ទៅបោះឆ្នោត? ហើយគាត់អួតប្រាប់ខ្ញុំថា ចំណែកខ្ញុំបោះឆ្នោតបានពីរដង បានលុយពីរដង»។
នៅចំពោះមុខភា្នក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ អ្នកស្រី ជឿយ ចាន់នី បានលាតត្រដាងពីហេតុការណ៍យ៉ាងដូច្នេះថា នៅថ្ងៃបោះឆ្នោតអ្នកស្រី ពិតជាបានទៅចូលរួមបោះឆ្នោតប្រាកដមែន ហើយពេលជ្រលក់ទឹកថ្នាំត្រូវបានមន្ដ្រី គ.ជ.ប នៅក្នុងការិយាល័យបោះឆ្នោត ចាប់ចង្អុលដៃខាងស្ដាំរបស់អ្នកស្រីឲ្យជ្រលក់ ប៉ុន្ដែដោយសារចង្អុលដៃរបស់អ្នកស្រី នៅជាប់ខ្លាញ់សាច់ជ្រូក ក៏មន្ដ្រី គ.ជ.ប គិតថា ខ្លាចមិនប្រឡាក់ខ្លាំង ក៏ឲ្យអ្នកស្រីលូកចង្អុលដៃខាងស្ដាំនេះម្ដងទៀត។ ប៉ុន្ដែដោយស្ដាប់មិនទាន់ ស្រាប់តែអ្នកស្រីយកចង្អុលដៃខាងឆ្វេង ទៅលូកដោយខ្លួនឯងទើបធ្វើឲ្យចង្អុលដៃរបស់អ្នកស្រី ប្រឡាក់ទាំង២យ៉ាងដូច្នេះ។
អ្នកស្រី ជឿយ ចាន់នី បានបញ្ជាក់ទៀតថា លុះព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ចន្លោះម៉ោង៧ ទៅម៉ោង៨ ស្រាប់តែមានមនុស្ស៤នាក់ ជិះឡានមួយគ្រឿង ទិសដៅពីខេត្តសៀមរាប មកខេត្តឧត្តរមានជ័យ ហើយចូលហូបគុយទាវនៅហាងរបស់អ្នកស្រី។ ពេលដែលចូលហូបនោះ ពួកគេបានឃើញចង្អុលដៃប្រឡាក់ទាំង២ ក៏បានសួរនាំ រួចបានថត ហើយយកទៅបង្ហោះតាម Facebook ខុសពីការពិតយ៉ាងដូច្នេះ ដោយអ្នកស្រីមិនបាននិយាយទាល់តែសោះថា «បោះឆ្នោតពីរដង បានលុយពីរដងនោះឡើយ» គឺខុសពីការពិតទាំងស្រុង ដែលនាំឲ្យមជ្ឈមដ្ឋាននានា មានការយល់ច្រឡំមកលើលោកស្រី។
ជាមួយគ្នានេះ អ្នកស្រី ជឿយ ចាន់នី ក៏បានអំពាវនាវឲ្យសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលបានបង្ហោះ Facebook ហើយសរសេរខុសពីការពិតទៅតាមច្បាប់ជាធរមាន។
ទាក់ទិនបញ្ហានេះ ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ម៉ែន លី នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីមានព័ត៌មានបង្ហោះនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះ លោកក៏បានចាត់ឲ្យមន្រ្តីជំនាញចុះទៅសួរនាំស្ដ្រីរូបនេះ ដោយផ្ទាល់ហើយក៏បានដឹងពីការពិតជាក់ស្ដែង។
ចំពោះជនដែលបង្ហោះករណីនេះ នៅលើ Facebook លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ពីចំណាត់ការតាមផ្លូវច្បាប់ ហើយនឹងកំពុងស្វែងរក ពីព្រោះការបង្ហោះព័ត៌មានខុសពីការពិតបែបនេះ ធ្វើឲ្យមានការភ័ន្ដច្រឡំ និងយល់ខុស នាំឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។
យោងតាមគណនី Facebook ឈ្មោះ «Hang Meang khou» បានបញ្ជាក់ថា បុរសរូបនេះ គឺជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ដោយសារតែ Profile របស់រូបគេ ឃើញបង្ហោះរូបថតពាក់អាវ គណបក្សសង្គ្រោះជាតិ និងថតជាមួយលោក កឹម សុខា ព្រមទាំងសកម្មភាពនានាជាមួយអតីតគណបក្សប្រឆាំងមួយនេះ៕
រូបភាពខាងលើជាម្ចាស់ Account Facebook ដែលមានឈ្មោះថា «Hang Meang khou»