(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីបំភ្លឺថា ការបញ្ឈប់ការសកម្មភាពជីកស្ដារប្រឡាយ ដោយធ្វើការឃាត់ទុកគ្រឿងចក្រ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ត្រង់ចំណុចបឹងបែកចាន ស្រុកកោះអណ្ដែត ខេត្តតាកែវ ដោយសារតែបុគ្គលិកឈ្មោះ សាន្ដ រដ្ឋា ធ្វើសកម្មភាពដោយគ្មានលិខិតអនុញ្ញាត។
តាមសេចក្ដីបភ្លឺរបស់ខ្លួន ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន មានសមត្ថកិច្ចគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដោយអនុលោមតាមច្បាប់ស្ដីពី តំបន់ការពារធម្មជាតិ។ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិនេះ បានបញ្ជាក់ថា រាល់ការប្រើប្រាស់ធនធានធម្មជាតិ ការឈូសឆាយ និងការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារធម្មជាតិ ត្រូវមានការអនុញ្ញាពីក្រសួងបរិស្ថាន។
ការចេញបំភ្លឺយ៉ាងដូច្នេះរបស់ក្រសួងបរិស្ថាន បានធ្វើឡើងបន្ទាប់មានពីស្ថានីយទូរទស្សន៍ហង្សមាស បានចុះផ្សាយ ស្ដីពីការហាមឃាត់មិនឲ្យមានការជីកស្ដារប្រឡាយ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងភូមិសាស្ដ្រខេត្ដតាកែវ។
ក្រសួងបរិស្ថាន បានពន្យល់ថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ បុគ្គលឈ្មោះ សាន្ដ រដ្ឋា បានជីកស្ដារប្រឡាយក្នុងតំបន់ការពារទេសសភាពបឹងព្រែកល្ពៅ ត្រង់ចំណុចបឹងបែកចាន ប្រឡាយ០១ និងប្រឡាយ០០ ដែលការជីកស្ដារនេះ ត្រូវបានឧទ្យានុរក្សប្រចាំការ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានធ្វើការហាមឃាត់ និងបញ្ឈប់សកម្មភាពជីកស្ដារ ដោយធ្វើការឃាត់ទុកនូវគ្រឿងចក្រផងដែរ។
ក្រសួងសង្កត់ធ្ងន់ថា ការជីកស្ដារប្រឡាយដោយបុគ្គលឈ្មោះ សាន្ដ រដ្ឋា ធ្វើឡើងដើម្បីយកទឹកធ្វើអាជីវកម្មលក់ ទៅឲ្យប្រជាសហគមន៍ដែលធ្វើកសិកម្មនៅទីនោះ ដោយគ្មានលិខិតអនុញ្ញាត ស្ដីពីការបង្កើតអាជីវកម្មឡើយ។
បន្ទាប់ពីធ្វើការអប់រំ និងពន្យល់ពីផ្លូវច្បាប់ ដោយមន្ទីរបរិស្ថានខេត្តតាកែវ ទើបឈ្មោះ សាន្ដ រដ្ឋា ព្រមធ្វើកិច្ចសន្យាទទួលកំហុស និងបានធ្វើលិខិតសារភាពកំហុសជាមួយ នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មុននឹងអនុញ្ញាឲ្យមានការយកអេស្ការវ៉ាទ័រ៕