(ភ្នំពេញ)៖ បន្ទាប់ពីការបោះឆ្នោត បានបញ្ចប់ទៅប្រកបដោយភាពល្អូកល្អឺន តម្លាភាព សេរី និងយុត្តិធម៌ កាលពីពេលកន្លងទៅថ្មីៗនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានផ្តល់ផ្លូវ បេតុង និងដាក់លូជាច្រើនខ្សែ ដល់សហគមអណ្តូងថ្មីរុងរឿង និងសហគមសុព័រថ្មី ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងបានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតតុង និងដាក់លូ ក្នុងសហគមសំរោងមានជ័យ ភូមិអន្លង់ក្ងាន ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការផ្តល់ជូននេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងពេលដែលលោក ឃួង ស្រេង ចុះពិនិត្យឡតដុតសំរាមមួយកន្លែង នៅសហគមន៍អណ្តូងថ្មីរុងរឿង ដែលទើបបានបង្កើត ដើម្បីដុតបំផ្លាញសំរាម ជួយបង្កើនបរិស្ថានស្អាតល្អ សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍នេះ ។
ឡតដុតសំរាមមួយកន្លែងនេះ បានចាប់ផ្តើមដំណើរការនៅព្រឹកនេះ ជាមួយនឹងការចុះពិនិត្យផ្ទាល់ពីលោក ឃួង ស្រេង រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ខណ្ឌព្រែកព្នៅផងដែរ។ ក្រៅពីបង្កើតឲ្យមានឡតដុត សំរាមមួយនេះហើយ លោក ឃួង ស្រេង ក៏បានជំរុញឲ្យមន្ទីរសាធារណការ រាជធានីភ្នំពេញ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបន្ថែម ជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ខាងលើផងដែរ។
បន្ទាប់ពីនេះ លោកអភិបាល និង មន្រ្តីជំនាញ ក៏បានបន្តចុះទៅពិនិត្យ នៅសហគមសំរោងមានជ័យ និងបានជំរុញឲ្យមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ ដូចនៅសហគម អណ្តូងថ្មីរុងរឿងនោះដែរ។
ទន្ទឹមគ្នានោះដែរ លោកអភិបាល និងមន្រ្តីពាក់ព័ន្ធ ក៏បានបន្តចុះទៅសហគមន៍អន្លង់ក្ងាន ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងបានជំរុញឲ្យមន្រ្តីជំនាញពន្លឿន ការដ្ឋានស្ថាបនាផ្លូវ និងដាក់លូ ជូនប្រជាពលរដ្ឋ ក្នុងសហគមនោះឲ្យបានលឿន ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម។
ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានជំរុញឲ្យអភិបាលខណ្ឌសែនសុខ និងមន្រ្តីជំនាញពាក់ព័ន្ធ រៀបចំដោះស្រាយលំនៅដ្ឋាន ដែលរងផលប៉ះពាល់ ពីការស្ថាបនា ឲ្យបានពួកគាត់បានទៅរស់នៅកន្លែងរៀបរយ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅសហគមខាងលើ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនមកពីសហគមមិនរៀបរយ ប៊ូលឌីញ សំបុក្រចាប ដីក្រហម និងបូរីកីឡា តាំងពីអំឡុងឆ្នាំ២០១៦ រហូត មកដល់បច្ចុប្បន្ន សហគមទាំងនោះ ទទួលបានការអភិវឌ្ឍរីកចំរើន ទាំង ផ្លូវ លូ ទឹក ភ្លើង និងហេដ្ឋារចនា សម្ព័ន្ធជាច្រើនទៀត៕