(ភ្នំពេញ)៖ មុនពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ ប្រជាពលរដ្ឋខ្មែរធ្លាប់ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានចំនួន៥លើក និងបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់បានចំនួន៣លើករួចមកហើយ។ ដូច្នេះជាសរុបប្រជាពលរដ្ឋខ្មែរធ្លាប់បានចូលរួមការបោះឆ្នោតចំនួន៨ដង។ តាមរយៈការបោះឆ្នោតកន្លងទៅជាច្រើនដងនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរដឹងបានយ៉ាងច្បាស់ថា ក្នុងបន្ទប់សំងាត់សម្រាប់គូសសន្លឹកឆ្នោតគឺគ្មានអ្នកណាម្នាក់អាចដឹងថា ខ្លួនគូសឱ្យគណបក្សណាមួយឡើយ។ ដូច្នេះរាល់លទ្ធផលដែលស្តែងចេញមកប្រាកដជាឆន្ទៈពិតរបស់អ្នកបោះឆ្នោត។

ក្រោយពិនិត្យតួលេខ ដែលចេញពីការបោះឆ្នោតលើកនេះ នាងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ចំពោះផ្លែផ្កាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលសហគមន៍អន្តរជាតិ គួរចូលរួមអបអរសាទរ និងមានមោទនភាពផងដែរ ពីព្រោះផ្លែផ្កានៃលិទ្ធិប្រជាធិបតេយ្យនេះ ក៏កើតចេញពីគ្រាប់ពូជដែលសហគមន៍អន្តរជាតិ បានចូលរួមដាំនៅលើថ្នាលទឹកដីអង្គរមួយនេះនាឆ្នាំ១៩៩៣ មកផងដែរ។ មកដល់ថ្ងៃនេះកម្ពុជាគឺជាប្រទេសតែមួយគត់នៅឥណ្ឌូចិន ដែលជ្រើសរើសលិទ្ធិប្រជាធិបតេយ្យ សេរីនិយម ពហុបក្ស។ ការបោះឆ្នោតលើកនេះបានធ្វើឱ្យនាងខ្ញុំកាន់តែជឿជាក់លើអនាគតកម្ពុជា ពីព្រោះនាងខ្ញុំបានឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋកម្ពុជាបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ជ្រើសរើសយន្តការលិទ្ធិប្រជាធិបតេយ្យជាមធ្យោបាយបញ្ចេញឆន្ទះរបស់ខ្លួន និងដឹកនាំប្រទេសជាតិ ដោយមិនជ្រើសរើសវប្បធម៌ហឹង្សា ហើយនៅតែគាំទ្រប្រព័ន្ធនយោបាយ បច្ចុប្បន្នគឺរបបរាជានិយម ដែលបានចាក់ឬសគល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរយើង។

ការបោះឆ្នោតលើកនេះគឺមានប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតយ៉ាងច្រើនលើសលុបរហូតដល់ទៅជាង ៨២% បានចេញទៅបោះឆ្នោត ហើយអ្នកទៅបោះឆ្នោត យ៉ាងច្រើនលើសលុបនៅក្នុងបន្ទប់សំងាត់របស់ខ្លួន បានសម្រេចចិត្តគូសយកលេខ២០ គឺគណបក្សប្រជាជនកម្ពុជា។

បើទោះបីជាសម្លេងឆ្នោតមិនបានការលើកនេះមាន រហូតដល់ទៅប្រហែល ៨% ធៀបនឹងលើកមុនៗ ដែលមានត្រឹមតែប្រហែល ២% ក៏នេះជាមធ្យោបាយមួយនៃការបញ្ចេញមតិ ដើម្បីឱ្យដឹងថា ខ្លួនមិនទាន់ពេញចិត្តនឹងអ្វីមួយ ហើយគណបក្សឈ្នះឆ្នោតត្រូវខិតខំធ្វើយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហានោះ និងបម្រើខ្លួន។ មិត្តភក្ត្របរទេស ជាពិសេសជនជាតិខ្មែរត្រូវគោរពការសម្រេចចិត្ត និងឲ្យតម្លៃឆន្ទះអ្នកទៅបោះឆ្នោត ដែលមានប្រហែល៧លាននាក់នេះ។

តើយើងត្រូវធ្វើអ្វីទៀតក្រោយការបោះឆ្នោតនេះ?

ក្រោយការប្រកាសលទ្ធផលជាផ្លូវការ ប្រជាពលរដ្ឋខ្មែរគួរជួយសម្រួល និងផ្តល់ឱកាស១០០% ជូនគណបក្សដែលឈ្នះឆ្នោតបំពេញបេសកកម្មបម្រើយើងជាប្រជាពលរដ្ឋ ក្នុងនោះរួមមានទាំងការជ្រើសរើសសមាជិករាជរដ្ឋាភិបាលដែលមានសមត្ថភាពនិងការទទួលខុសត្រូវខ្ពស់ និងការដាក់ចេញនូវគោលនយោបាយ ផែនការ និងវិធានការណ៍បន្ទាន់នានា ដែលគណបក្សបានសន្យានាពេលឃោសនាបោះឆ្នោតកន្លងមក ដោយគួររួមបញ្ចូលទាំងគំនិតល្អៗ របស់គណបក្សផ្សេងចូលផងដែរប្រសិនជាមាន ដើម្បីធ្វើឱ្យកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភានេះកាន់តែមានភាពបើកចំហរ ទូលំទូលាយ និងទទួលបានការសាទរកាន់តែច្រើន។

យើងជាប្រជាពលរដ្ឋគ្រប់និន្នាកាលនយោបាយក្រៅពីប្រគល់ និងផ្តល់លទ្ធភាពឱ្យគណបក្សដែលឈ្នះឆ្នោតបំពេញបេសកកម្មតាមការសន្យារបស់ខ្លួន យើងក៏នៅមានឱកាសដើម្បី ធ្វើការវាយតម្លៃសមត្ថភាព និងប្រសិទ្ធិភាពរបស់គណបក្ស ដែលឈ្នះឆ្នោតលើកនេះផងដែរនៅឆ្នាំ២០២៣។ ប្រសិនជាគណបក្ស ដែលឈ្នះឆ្នោតមិនអាចបំពេញតាមបំណងប្រាថ្នា របស់យើងច្រើននោះ នៅឆ្នាំ២០២៣ យើងអាចរើសគណបក្សផ្សេង។

នាងខ្ញុំ អាចយល់ពីអារម្មណ៍បងប្អូនដែលជាអតីតសមាជិកនៃគណបក្សមួយនោះ ប៉ុន្តែនៅក្នុងគោលការណ៍គ្រឹះនៃលិទ្ធិប្រជាធិបតេយ្យដែលរឹងមាំគឺយើងមិនត្រូវពឹងលើបុគ្គលម្នាក់ ស្លាប់រស់នឹងឈ្មោះអ្វីមួយនោះទេ គឺយើងត្រូវឈរលើទស្សនទាន គោលបំណង គោលដៅ គោលការណ៍ យន្តការ និងការជឿជាក់។ ស្លាកសញ្ញាគណបក្ស និងថ្នាក់ដឹកនាំគណបក្សអាចប្រែព៌ណបានគ្រប់ពេល និងគ្រប់កាលៈទេសៈ ប៉ុន្តែខ្លឹមគឺមិនប្តូរ។

កំហុសយុទ្ធសាស្ត្រដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយនៅកម្ពុជារបស់គណបក្សមួយនោះ គឺជំងឺមើលងាយច្បាប់ ជំងឺអញនិយម ត្រូវតែអញ ក្រៅពីអញគឺមិនទុកចិត្ត អ្នកណាទាំងអស់។ នាងខ្ញុំសុំសួរថា បើរកតែមនុស្ស៥០០០នាក់ និងរើសធនធានមនុស្ស ១២៥នាក់ពេញសិទ្ធិ និង១២៥នាក់បំរុងថ្មីដែលខ្លួនទុកចិត្ត ដើម្បីធ្វើជាតំណាងរបស់ខ្លួនចូលរួមឈរឈ្មោះឲ្យរាស្ត្របោះឆ្នោតមិនបានផង តើថ្ងៃក្រោយរកមនុស្សទុកចិត្តដឹកនាំប្រទេស ក្រសួង ស្ថាប័នបានដែរឬទេ?

ហេតុអីនៅកម្ពុជាគ្មាន ថាក់ស៊ីន?

អាប៉ោងបើកគ្របហើយ នាងខ្ញុំក៏មិនលាក់គំនួចក្នុងចិត្តដែលហួសចិត្តនឹងយុទ្ធសាស្ត្រដែលគណបក្សមួយនោះ គាត់ជ្រើសរើសយកនាពេលកន្លងមកនេះទេ។ អ្វីៗបានកន្លងផុតទៅហើយសង្ឃឹមថា បងប្អូនអ្នកគាំទ្រគណបក្សមួយនោះពិចារណាឡើងវិញលើសមត្ថភាពមេដឹកនាំរបស់ខ្លួន។ សូមកុំដោយសារការអន់ចិត្តនឹងគណបក្សមួយ យើងងាកទៅគាំទ្រគណបក្សមួយទៀតដោយគ្មានមូលដ្ឋាន។

អង្ករបានក្លាយជាបាយហើយ តើយើងគួរនាំគ្នាបន្តជជែកថា បាយនេះបើដាំឆ្នាំងនោះ ឬចង្រ្កាននោះវាឆ្ងាញ់ជាងទៀតឬទេ? នាងខ្ញុំគិតថាយើងគួរឈប់ប្រកែក ឬជជែកគ្នារឿងហ្នឹងទៅ។ យើងគួរនាំគ្នាដើររកម្ហូប រកអន្លក់មកផ្សំជាមួយបាយនេះ រួចហូបឲ្យបានឆ្ងាញ់ទាំងអស់គ្នា ដើម្បីយើងមានកម្លាំងរុញនាវាប្រទេសយើងឲ្យទៅមុខតាមសមត្ថភាព តួនាទី និងវិជ្ជាជីវៈរៀងៗខ្លួន? ខ្មែរគ្រប់រូបទោះស ខ្មៅ ប្រផេះសុទ្ធតែមានចំណែកទទួលខុសត្រូវលើជោគវាសនាកូនចៅយើង ដែលរស់នៅលើទឹកដីអង្គរដ៏ថ្លៃថ្លានេះ! តោះយើងរួមគ្នាដើរទៅមុខ! ទៅមុខទោះយឺតប្រសើរជាងឈប់ និងប្រសើរជាងថយក្រោយ! ៥ឆ្នាំទៀត យើងនឹងឡើងលើសៃវៀនប្រជាធិបតេយ្យមួយនេះម្តងទៀត ហើយយើងជ្រើសរើសគណបក្សដែលយើងទុកចិត្តម្តងទៀតបានទេ?

ស្រីម៉ៅ-ឃុំខ្វិតធំ ស្រុកព្រៃឈរ, កំពង់ចាម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨