(ព្រៃវែង)៖ លោក វង សូត ប្រធានក្រុមការងារចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ខេត្តព្រៃវែង បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តការងារ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិ ភាពថែមទៀត ព្រោះលទ្ធផលដែលយើងទទួលបានក្រោយការបោះ ឆ្នោតជ្រើសតាំងតំណាង រាស្ត្រនិតិកាលទី៦ គឺបង្ហាញថា ប្រជាជនយ៉ាងច្រើនលើសលុប បានផ្តល់សេចក្តីទុកចិត្តមកលើ គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិឲ្យមានការ អភិវឌ្ឍន៍លើគ្រប់វិស័យកាន់តែខ្លាំងឡើង។
ការជំរុញបែបរបស់លោក វង សូត បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ។
លោក វង សូត បានលើកឡើងថា «លទ្ធផលនៃការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា គឺជាការបន្តការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនខ្លាំង ឡើងថែមទៀត»។ ជាមួយគ្នានោះ លោកក៏បានថ្លែងនូវការកោតសរសើរចំពោះសមាជិកថ្នាក់មូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ រហូតទទួលបានជោគជ័យដូចពេលនេះ។
លោកបានបន្តថា «ជោគជ័យនេះមិនត្រូវឲ្យប្រជាពលរដ្ឋអស់ជំនឿនោះទេ គឺត្រូវបន្តយកចិត្តទុកដាក់បំពេញតម្រូវការចាំបាច់របស់ពួគគាត់ដែលជាម្ចាស់ឆ្នោត ពោលគឺអ្វីដែលយើងបានសន្យាត្រូវតែធ្វើ និងបន្តប្រមូលអ្វីដែលជាតម្រូវការចាំបាច់ថ្មីៗរបស់ពួកគាត់មកដោះស្រាយឲ្យទាន់ពេលវេលាមិនត្រូវឲ្យមានការថ្នាំងថ្នាក់នោះទេ»។
ដើម្បីជាលើកទឹកចិត្តដល់សមាជិកថ្នាក់មូលដ្ឋាន ក្នុងនោះលោក វង សូត ក៏បានផ្តល់នូវប័ណ្ណសរសើរ និងប្រាក់ឧបត្ថម្ភ លើកទឹកចិត្ត ដល់សមាជិក សមជិការតាមភូមិទាំងអស់ក្នុង ឃុំជាច ស្រុក កំចាយមារ ខេត្តព្រៃវែងផងដែរ៕