(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គឡេីងជិតដល់ចំណុចប្រុងប្រយត្ន័ខ្ពស់ និងកងកម្លាំងទាំង៣ប្រភេទត្រៀមប្រចាំការ ដេីម្បីជួយជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈរកទីទួលសុវត្តិភាព។

ការអំពាវនាវរបស់អាជ្ញាធរខេត្ត ធ្វើឡើងបន្ទាប់ពីស្ថានភាពទឹកទន្លេមេគង្គក្រចេះហក់ឡើងជិតដល់ចំណុចប្រុងប្រយត្ន័ខ្ពស់ គឺ២២ម៉ែត្រ។

ជាក់ស្ដែងកម្រិតកម្ពស់ទឹកទន្លេមេគង្គ នៅស្ថានីយ៍ជលសាស្រ្ត និងឧតុនិយមខេត្តក្រចេះ ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេមានកម្ពស់២១.៥១ម៉ែត្រ ប្រៀបធៀបទៅនឹងម្សិលមិញទឹកកើនឡេីង០.២០ម៉ែត្រ

តាមការគ្រោងទុកនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មការគ្រប់គ្រង់គ្រោះមហន្តរាយថ្នាក់ខេត្ត មានរៀបចំបើកកិច្ចប្រជុំស្ដីពី ការត្រៀមបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលាក្រោមអធិបតីភាព លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយថ្នាក់ខេត្តក្រចេះ។

យោងតាមសេក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពស់ទឹកទន្លេមេគ្គក្រចេះ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នឹងអាចកើនឡើងដល់កម្ពស់ ២២.១៥ម៉ែត្រ (កម្ពស់ប្រកាសអោយប្រុងប្រយ័ត្ន ២២ម៉ែត្រ)៕