លោក ថោង ខុន ទទួលបានការតែងតាំងជា សមាជិកបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប
30-07-2018 19:50
(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា នឹងត្រូវបានទទួលការតែងតាំងជាសមាជិកបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ពីគណៈប្រតិភូក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ។
តាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៣០ ខែកក្កដានេះ បានឱ្យដឹងថា ការរៀបចំពិធីទទួលវិញ្ញាបនបត្រជាសមាជិកបណ្ឌិតសភាចារ្យ នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប នឹងធ្វើឡើងនៅអគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលនឹងមានការចូលរួមពីក្រសួង ស្ថាប័ន សិស្ស និស្សិត និងភាគីពាក់ព័ន្ធប្រមាណ៤០០រូប នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។
បើតាមក្រសួងទេសចរណ៍ ពិធីទទួលវិញ្ញាបនបត្រជាសមាជិកបណ្ឌិតសភាចារ្យ នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុបនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានលោក អានតុន ការ៉ាហ្គែ ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជាអ្នកប្រគល់វិញ្ញាបនបត្រនេះជូនលោករដ្ឋមន្ត្រី ថោង ខុន៕