(ភ្នំពេញ)៖ តំណាងឱ្យប្រទេសម៉ាឡេស៉ី បានចាត់ទុកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ របស់កម្ពុជាថា ជាចំណុចដែលត្រូវរៀនសូត្រតាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ បានបញ្ជាក់ថា អ្នកសង្កេតការណ៍តំណាងប្រទេសម៉ាឡេស៉ី បានលើកឡើងថា ការបោះឆ្នោតនៅកម្ពុជា ពិតជាមានអ្នកទៅបោះឆ្នោតច្រើនគួរឲ្យចាប់អារម្មណ៍។ ម៉្យាងវិញទៀតប្រជាពលរដ្ឋចេញទៅបោះឆ្នោតដោយសប្បាយរីករាយ និងគ្មានការភ័យខ្លាច។

តាមសេចក្តីប្រកាសព័ត៌មានដដែល តំណាងប្រទេសម៉ាឡេស៉ី បានកត់សម្គាល់ថា ពេលបញ្ចប់ការបោះឆ្នោត នៅតាមការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ បានអនុញ្ញាតឲ្យមន្ត្រីបោះឆ្នោត ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អាចថតទិដ្ឋភាពដែលកំពុងរាប់សន្លឹកឆ្នោតបាន ដោយបានបញ្ជាក់ថា​ «ចំណុចនេះ ម៉ាឡេស៉ីនឹងយកទៅរៀនសូត្រតាម»

បើតាមគ.ជ.ប មិនត្រឹមតែប្រទេសម៉ាឡេស៉ីទេ ដែលបានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតនៅកម្ពុជា។ ក្រៅពីប្រទេសម៉ាឡេស៉ី មានប្រទេសចំនួន៥ទៀត រួមមាន៖ ប្រទេសរុស្ស៊ី, ប្រទេសឡាវ, ប្រទេសឥណ្ឌា, ប្រទេសថៃ និងប្រទេសវៀតណាម បានបង្ហាញពីចំណាប់អារម្មណ៍ម្នាក់ម្តងៗ ដោយពួកគាត់បានវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់​ គ.ជ.ប ដូចខាងក្រោម៖