(ភ្នំពេញ)៖ លោក Amb Sergey ORDZHONIKDZE តំណាងឲ្យអ្នកសង្កេតការណ៍មកពីប្រទេសរុស្ស៊ី បានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា ដោយបានហៅការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ការលើកឡើងរបស់លោក Amb Sergey ORDZHONIKDZE បានធ្វើឡើងក្នុងសន្និសីទព័ត៌មានមួយនៅក្រោយបិទបញ្ចប់ការបិទបញ្ចប់ការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ។
លោក Amb Sergey ORDZHONIKDZE និងគណៈប្រតិភូអន្តរជាតិជាច្រើនរូបផ្សេងទៀត បានធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតជាច្រើន ក្នុងរាជធានីភ្នំពេញនាថ្ងៃម្សិលមិញនេះ។ តំណាងអ្នកសង្កេតការណ៍មកពីរុស្ស៊ីរូបនេះ បានលើកឡើងថា លោកបានមើលឃើញដោយផ្ទាល់ភ្នែកពីការរៀបចំដ៏ល្អនៃដំណើរការបោះឆ្នោត ដោយគ្មានអំពើហិង្សា សុខសុវត្ថិភាព។ ជាពិសេសការចូលរួមបោះឆ្នោតដោយភាពសប្បាយរីករាយ និងច្រើនលើសលុបពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
«នៅក្នុងដំណើរការនេះយើងឃើញហើយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត...។ យើងសូមសង្កត់ធ្ងន់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្ញុំ យើងឃើញថា ការបោះឆ្នោតដោយសេរី យុត្តិធម៌ និងតម្លាភាព នេះជាឧទាហរណ៍ដ៏ល្អមួយសម្រាប់ប្រទេសផ្សេងទៀត។ ជាពិសេសប្រទេសជិតខាងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើង ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍របស់យើង រួមហ្នឹងមេដឹកនាំប្រទេសណាដែលមិនទទួលស្គាល់ការបោះឆ្នោតនេះ»។ លោក Amb Sergey ORDZHONIKDZE។
ឆ្លើយតបសំណួរថា បើទោះបីអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនបានមើលឃើញពីភាពល្អប្រសើរនៃដំណើរការបោះឆ្នោតនៅកម្ពុជា តែក៏មានប្រទេសមួយចំនួនប្រកាសមិនទទួលស្គាល់ការបោះឆ្នោតដែរនោះ លោក Amb Sergey ORDZHONIKDZE ក៏បានបញ្ជាក់ថា ចិន រុស្ស៊ី ឥណ្ឌូនេស៊ី ហ្វីលីពិន និងប្រទេសជាច្រើនទៀត បានគាំទ្រលទ្ធផលបោះឆ្នោតនេះ។ លោក Amb Sergey ORDZHONIKDZE បានផ្តាំទៅបណ្តាប្រទេសមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាដែរថា វាជាការលំបាកខ្លាំងណាស់សម្រាប់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសច្បាំងគ្នា កាប់សម្លាប់គ្នាពីអតីតកាល ដើរមកដល់ដំណាក់កាលអនុវត្តន៍ប្រជាធិបតេយ្យដូចពេលបច្ចុប្បន្ន។
លោក Amb Sergey ORDZHONIKDZE បានគូសបញ្ជាក់យ៉ាងដូច្នេះ «ប្រទេសធំៗដូចជាប្រទេសចិន រុស្ស៊ី ឥណ្ឌូនេស៊ី ហ្វីលីពិនរួមនិងប្រទេសផ្សេងៗទៀតជាច្រើន គឺយើងគាំទ្រអ្វីដែលប្រទេសអ្នក (កម្ពុជា) បានធ្វើហើយ ទោះបីប្រទេសមួយចំនួនមិនគាំទ្រក៏ដោយ។ ឃើញថា ប្រវត្តិសាស្ត្រប្រទេសរបស់អ្នកយើងឃើញថា វាមិនស្រួលទេ វាលំបាកណាស់ ដើម្បីឈានមកដល់ដំណាក់កាលមួយ ដែលយើងអាចដោះស្រាយបញ្ហាច្បាំងគ្នា កាប់សម្លាប់គ្នា ហើយឈានមកដល់ឯករាជ្យភាព ក៏ដូចជាសម្រេចបាននូវការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យដូចដែលយើងឃើញនាពេលនេះ។ នេះជាសារទាំងឡាយដែលគេមិនបានចូលរួមនោះ»។
សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ ក្រោយពេលការបោះឆ្នោតបានបិទបញ្ចប់ភ្លាមក្រុមអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនក្រុមដែលបានចូលរួមសង្កេតដំណើរការបោះឆ្នោត បានធ្វើសន្និសីទបង្ហាញពីការសង្កេតរបស់ពួកគេ។ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ សុទ្ធតែបានមើលឃើញ និងលើកឡើងដូចៗគ្នា ដោយបានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា។ អ្វីដែលធ្វើឲ្យពួកគេសរសើរមិនដាច់ពីមាត់នោះ គឺការបោះឆ្នោតនេះប្រព្រឹត្តដោយសភាពស្ងប់ស្ងាត់ មានសុខសន្តិភាព ប្រជាពលរដ្ឋចេញទៅបោះឆ្នោតច្រើនលើសលុបដោយគ្មានការភ័យខ្លាចព្រោះបញ្ហាសន្តិសុខ ឬការគំរាមកំហែង៕