(ភ្នំពេញ)៖ សាស្ត្រាចារ្យ Anton Caragea ប្រធានការិយាល័យនៃក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទេសចរណ៍ និងពាណិជ្ជកម្ម (ECTT) បានកោតសរសើរយ៉ាងខ្លាំងចំពោះការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅកម្ពុជានាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ ដោយបានចាត់ទុកជាការរៀបចំមួយយ៉ាងល្អឥតខ្ចោះ។
ការកោតសរសើររបស់លោកសាស្ត្រាចារ្យ Anton Caragea ចំពោះដំណើរការបោះឆ្នោតរបស់កម្ពុជានេះ បានស្តែងឡើងតាមរយៈលិខិតអបអរសាទរផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ លោក Anton Caragea ក៏ជាអ្នកសង្កេតការណ៍អន្តរជាតិមួយរូបផងដែរ ដែលបានដឹកនាំក្រុមការងាររបស់លោកចូលរួមតាមដាន និងសង្កេតដំណើរការបោះឆ្នោតនៅកម្ពុជានាថ្ងៃម្សិលមិញនេះ។
លោក Anton Caragea បានលើកឡើងថា រូបលោកបានមើលឃើញដោយផ្ទាល់ភ្នែកនូវការរៀបចំដ៏ល្អឥតខ្ចោះ នៃដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនេះ។ លោកបន្តថា ដំណើរការបោះឆ្នោតនេះបានជួយត្រួសត្រាយផ្លូវសម្រាប់ឲ្យកម្ពុជាឲ្យទទួលបានការទទួលស្គាល់ថាជាប្រទេសប្រជាធិបតេយ្យពេញលេញមួយ។
ក្នុងលិខិតអបអរសាទរដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ លោក Anton Caragea បានបង្ហាញការជឿជាក់ថា ជ័យជម្នះរបស់គណបក្សប្រជាជននៅក្រោមការដឹកនាំប្រកបដោយការយោគយល់អធ្យាស្រ័យរបស់សម្តេចតេជោ ហ៊ុន សែន គឺជាលទ្ធផលបានមកពីចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍ដ៏រឹងមាំ ដែលនឹងធានាបាននូវអនាគតដ៏ភ្លឺចែងចាំងរបស់កម្ពុជា។
«តាមរយៈការបោះឆ្នោតជ្រើសរើសសម្តេចឲ្យដឹកនាំប្រទេសជាតិមានន័យថា ប្រជាជនកម្ពុជាបានរើសយកនូវជម្រើសដ៏ឆ្លៀសវៃនៃការអភិវឌ្ឍ និងភាពរីកចម្រើនព្រមទាំងលទ្ធប្រជាធិបតេយ្យជំនួសឲ្យសង្រ្គាម គ្រោះមហន្តរាយ ក៏ដូចជាភាពមិនច្បាស់លាស់ផ្សេងៗទៀត។ ការបោះឆ្នោតដោយសេរី និងតាមបែបប្រជាធិបតេយ្យនេះ បានផ្តល់ឲ្យសម្តេចនូវអំណាចពេញលេញ ដើម្បីប្រែក្លាយមុខមាត់កម្ពុជា និងបន្តផ្តល់ការដឹកនាំព្រមទាំងឱកាសនានាសម្រាប់ពលរដ្ឋកម្ពុជា»។
សូមបញ្ជាក់ថា ក្រៅពីលោក Anton Caragea អ្នកសង្កេតការណ៍អន្តរជាតិជាង ៥០០នាក់ ដែលរួមមានសមាជិករដ្ឋសភា ព្រឹទ្ធសភា និងជាថ្នាក់ដឹកនាំមកពីស្ថាប័នធំៗនៅលើពិភពលោក ក៏សុទ្ធតែបានវាយតម្លៃខ្ពស់ និងកោតសរសើរមិនដាច់ពីមាត់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាផងដែរ៕