(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងក្នុងនាមអាជ្ញាធរខណ្ឌ តាមរយៈភ្នាក់ងារសារព័ត៌មានអង្គភាព Fresh News នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បានសម្តែងនូវ មោទនភាពក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋក្នុងខណ្ឌឫស្សីកែវ ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃអាទិត្យទី២៩ ខែកក្កដា យ៉ាងច្រើនកោះករ។
លោកថា ការណ៍នេះជាការបង្ហាញឲ្យឃើញនូវស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជ្រើសរើសមេដឹកនាំប្រទេស ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ដែលកំពុងរស់នៅក្នុងសន្តិភាព ភាពរុងរឿងថ្កុំថ្កើង ពិសេសដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
ជាមួយគ្នានោះ លោក ជា ពិសី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ជូនចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការក្នុងខណ្ឌទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត បំពេញភារកិច្ចការពារសន្តិសុខ រក្សាបាននូវសុវត្តិភាពល្អប្រសើរ ចាប់តាំងពីបើកយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃ រហូតដល់ថ្ងៃបោះឆ្នោត ត្រូវបានបិទបញ្ចប់ជាស្ថាពរ ស្របពេលដែលប្រទេសយើងមានសន្តិភាព និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករចេញទៅបោះឆ្នោត។ របាយការណ៍បឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ប្រជាពលរដ្ឋចេញទៅបោះឆ្នោតនៅថ្ងៃម្សិលមិញនេះមានចំនួនរហូតដល់៨២.៨៩ភាគរយ នៃប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៨,៣៨០,២១៧នាក់៕