(ចិន)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ បណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិកជាច្រើន បានបញ្ចូលមេរៀនភាសាចិន ក្នុងប្រព័ន្ធអប់រំថ្នាក់ជាតិរបស់ខ្លួន ដែលធ្វើឲ្យមានការកើនឡើង ជាលំដាប់នូវការសិក្សាភាសាចិន។
រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង បានចាប់ផ្តើមបញ្ចូលភាសាចិនជាភាសាទី២ ទៅក្នុងប្រព័ន្ធអប់រំថ្នាក់ជាតិរបស់ខ្លួនក្នុងឆ្នាំ២០១៦ ដោយតាមគម្រោងភាសាចិន ត្រូវបានដាក់បង្រៀនក្នុងថ្នាក់បឋមសិក្សា និងមធ្យមសិក្សាទូទាំងប្រទេស
ក្រោយមកក៏មានបណ្ដាប្រទេសផ្សេងទៀត បានអនុវត្តដូចគ្នាដូចជា ប្រទេសម៉ូរីសទូស (Mauritius) ប្រទេសតង់ហ្សានី (Tanzania) ប្រទេសកាមេរូន (Cameroon) និងប្រទេសហ្សាំប៊ី (Zambia)។
អស់រយៈពេលជាច្រើនឆ្នាំ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់ប្រទេសអាហ្វ្រិកខាងត្បូង ដូច្នេះការសិក្សាភាសាចិនកើនឡើង ហើយយុវជនអាហ្វ្រិកខាងត្បូង ដែលអាចមានសមត្ថភាព និយាយភាសាចិនបានស្ទាត់ និងទទួលបាន
ឱកាសការងារកាន់តែច្រើន។
លោក អេលីចា ម៉ាឡាំងហ្កា នាយកផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ សារគមនាគមន៍ថ្នាក់ជាតិ និងថ្នាក់ខេត្ត នៃនាយកដ្ឋាន អប់រំមូលដ្ឋាន ប្រទេសអាហ្វ្រិកខាងត្បូងឲ្យដឹងថា «បច្ចុប្បន្នយុវជនអាហ្វ្រិកខាងត្បូង ជាច្រើននាក់កំពុងតែសិក្សាភាសាចិន ជារៀងរាល់ថ្ងៃ ក្នុងនោះមានប្រជាជន អាហ្រិ្វកខាងត្បូង ធ្វើដំណើរទៅប្រទេសចិនជារៀងរាល់ខែ ដូច្នេះហើយទើបការសិក្សាភាសាចិន មានការកើនឡើង។ ជាក់ស្ដែង ប្អូនប្រុសរបស់ខ្ញុំតែងតែ ធ្វើដំណើរទៅប្រទេសចិន តែពេលនោះ គាត់ពិបាកណាស់ក្នុងការប្រើប្រាស់ភាសា ហើយគិតថា គាត់គួរតែរៀនពីមុនមក»។
លោកបានបន្ដទៀតថា បើនិយាយពីការយល់ឃើញ របស់យុវជនអាហ្វ្រិកវិញ យើងត្រូវយល់ថា អ្នកដែលចង់ធ្វើដំណើរទូទាំងពិភពលោក ហើយមិនចង់រស់នៅ និងធ្វើការតែក្នុងប្រទេសអាហ្វ្រិកខាងត្បូងនោះ ពួកគេធ្វើដំណើរស្វែងយល់ពីពិភពលោក ហើយត្រលប់មកវិញ និងទាញយកផលប្រយោជន៏ ពីអ្វីដែលពួកគេបានរៀនសូត្រ ក្នុងប្រទេសផ្សេងៗ។
លោកបានបន្ដទៀតថា ក្នុងប្រព័ន្ធអប់រំ របស់ប្រទេសអាហ្វ្រិកខាងត្បូង សិស្សានុសិស្សតម្រូវឲ្យធ្វើតេស្ត ភាសាចិនជាមុនសិនទោះបីជាភាសាចិន គ្រាន់តែជាមុខវិជ្ជាបន្ថែមក្តី។ តាមរយៈការគាំទ្រពី មាតាបិតាសិស្ស មុខវិជ្ជាភាសាចិន នឹងបន្តស្ថិតក្នុង
ប្រព័ន្ធអប់រំ ក្នុងប្រទេសអាហ្វ្រិកខាងត្បូងតទៅទៀត។
លោកបញ្ជាក់ទៀតថា «ការអប់រំមិនមែនជារឿង ដែលអ្នកអាចមើលឃើញពី ផលប្រយោជន៍ភ្លាមៗនោះទេ យើងអាចមើលឃើញ ពីអត្ថប្រយោជន៍អប់រំបាន លុះត្រាតែមើលត្រលប់ទៅក្រោយ ទើបអាចនិយាយថា ល្អមែន។
ប្រសិនអាចប្រៀបធៀបថា កាលពី១០ឆ្នាំមុន យើងរៀនបានត្រឹមនេះ ហើយ១០ឆ្នាំក្រោយ យើងបានដូចសព្វថ្ងៃ។ ប្រសិនបើមិនមាន កម្មវិធីសិក្សានេះទេ យើងក៏មិនបានដូចសព្វថ្ងៃនេះដែរ ទាំងនេះចាំបាច់ ឲ្យមានការអត់ធ្មត់បន្តិច»។
ការបង្រៀនភាសាចិន ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដើរតួយ៉ាងសំខាន់ សម្រាប់ប្រទេសក្នុងតំបន់អាហ្វ្រិកដទៃទៀត ហើយ ក្នុងពេលនេះ ប្រទេសចិនកំពុងបញ្ជូនគ្រូបង្រៀនភាសាចិន និងអ្នកស្ម័គ្រចិត្តបន្ថែមទៀត ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ហើយក៏កំពុងពង្រឹងការបណ្តុះបណ្តាល គ្រូភាសាចិន ដែលមានស្រាប់នៅទីនោះផងដែរ។
លោកបានបន្ថែមទៀតថា ចិនជាផ្នែកមួយនៃក្រុមប្រទេស BRICS ហើយត្រូវពង្រឹងទំនាក់ទំនង របស់យើងជាមួយប្រទេសដទៃទៀតក្នុងក្រុមប្រទេស BRICS នេះ លើវិស័យអប់រំ វប្បធម៏ និងវិស័យផ្សេងទៀតផងដែរ។ ដូច្នេះនេះជាអ្វីដែលកំពុងធ្វើ ហើយយើងជឿថា អាចផ្សព្វផ្សាយការងារនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ដល់ជនជាតិអាហ្វ្រិកខាងត្បូង ដើម្បីឲ្យពួកគេយល់ថា តើយើងមានប្រភពមកពីណា។
បច្ចុប្បន្ននេះ ក្នុងប្រទេសអាហ្វ្រិកមានវិទ្យាស្ថាន ខុងជឺចំនួន៥ និងថ្នាក់រៀនខុងជឺចំនួន៤ បើរាប់តាំងពីឆ្នាំ២០១៦ មានសាលាអាហ្រិ្វកខាងត្បូងជាង ៤០ សាលា ដែលបានបញ្ចូលមុខវិជ្ជាភាសាចិន ទៅក្នុងការសិក្សារបស់ខ្លួន ហើយរដ្ឋាភិបាលគ្រោងបង្កើនចំនួនសាលារៀន ឲ្យកើនដល់៥០០ក្នុងរយៈពេលប៉ុន្នានឆ្នាំតទៅមុខនេះ៕ (សារព័ត៌មាន CCTV របស់ចិន)