(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងមួយបន្ថែមទៀត ស្ដីអំពីទឹកជំនន់ទន្លេមេគង្គលើ ដែលកំពុងហក់ឡើងខ្លាំង ដោយសារមានការធ្លាក់ភ្លៀង ជាបន្ដបន្ទាប់ ក្នុងកម្រិតពីមធ្យមទៅច្រើន នៅក្នុងតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ បានបង្កឲ្យទឹកទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា បន្ដកើនឡើង ២-៣ ថ្ងៃបន្ថែមទៀត។
សេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា យោងតាមការព្យាករ កម្ពស់ទឹកទន្លេមេគង្គលើកម្ពុជា អាចកើនឡើងដល់៖
* នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គស្ទឹងត្រែង ទឹកអាចនឹងកើនឡើងដល់កម្ពស់ ១១.៤០ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៧០ ម៉ែត្រ)។
* នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គក្រចេះ ទឹកអាចនឹងកើនឡើងដល់កម្ពស់ ២២.១៥ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ)។
* នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គកំពង់ចាម ទឹកអាចនឹងកើនឡើងដល់កម្ពស់ ១៥.២៥ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១៥.២០ ម៉ែត្រ)។
ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្ដាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជ្រៀសវាងនូវគ្រោះថា្នក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក៖