(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍ដែលបានចូលរួមសង្កេតតាមដាន និងពិនិត្យដំណើរការបោះឆ្នោតនៅកម្ពុជានាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ បានសម្តែងប្រតិកម្មជាខ្លាំងជាមួយសហរដ្ឋអាមេរិក ដែលបានហៅការបោះឆ្នោតនេះមិនសេរី យុត្តិធម៌ ឬបង្ខិតបង្ខំជាដើមនោះ។ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា អាមេរិកមិនបានបញ្ជូនមន្រ្តី ឬតំណាងរបស់ខ្លួនណាម្នាក់មកចូលរួមសង្កេតដំណើរការបោះឆ្នោតនោះទេ ដូច្នេះតើអាមេរិកមានមូលដ្ឋានមកពីណាក្នុងការវាយតម្លៃដំណើរការបោះឆ្នោត?
ប្រតិកម្មរបស់អ្នកសង្កេតការណ៍បានស្តែងឡើងក្នុងសនិសីទព័ត៌មានមួយដែលរៀបចំឡើងដោយវេទិកាសង្គមស៊ីវិលនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ។ ក្រុមអ្នកសង្កេតការណ៍មកពីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ដែលបានតាមដានដំណើរការបោះឆ្នោតយ៉ាងយកចិត្តទុកដាក់នោះ បានលើកឡើងថា មានមូលហេតុជាច្រើនដែលអាចយកទៅធ្វើជាមូលដ្ឋានក្នុងការវាយតម្លៃពីភាពស្របច្បាប់ សេរីភាព យុត្តិធម៌ និងគ្មានការបង្ខិតបង្ខំនៃការបោះឆ្នោតនៅថ្ងៃម្សិលមិញនេះ។
លោក ជិន សំណាង ប្រធានសមាគមប្រឹក្សាសុខភាពប្រជាជនមូលដ្ឋាន បានលើកឡើងថា មានមូលដ្ឋានចំនួន ដែលអាចបញ្ជាក់ពីភាពស្របច្បាប់នៃការបោះឆ្នោតនៅថ្ងៃម្សិលមិញរួមមាន៖ ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋរហូតដល់ទៅ ៨២.១៧ភាគរយ, ការចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសង្កេតការណ៍ជាតិរហូតដល់ទៅជាង ៩ម៉ឺននាក់, នីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយក្រោយការបោះឆ្នោត មិនមានបាតុកម្ម ឬបញ្ហាណាមួយកើតឡើងនោះឡើយ។
សម្រាប់លោក ជិន សំណាង លោកមិនដឹងពីគោលបំណងនៃការលើកឡើងរបស់សហរដ្ឋអាមេរិកបង្កាច់បង្ខូចការបោះឆ្នោតនៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែលលើកចង់បញ្ជាក់អាមេរិកនោះ គឺកម្ពុជាបានធ្វើដំណើរដល់គោលដៅមួយមានសេចក្តីសុខ សុវត្ថិភាព ហើយប្រជាពលរដ្ឋសប្បាយរីករាយក្នុងការចូលរួមបោះឆ្នោត។
លោក ជឺន វិចិត្រ ប្រធានអង្គការជំនួយអភិវឌ្ឍន៍ និងសន្តិភាព ក៏បានប្រតិកម្មជាមួយការលើកឡើងរបស់សហរដ្ឋអាមេរិកផងដែរ។ លោក ជឺន វិចិត្រ បានបញ្ជាក់ថា តាមរយៈការសង្កេតរបស់លោក គឺប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតដោយទឹកមុខញញឹមញញែម ហើយស្ថានភាពនេះអ្នកសង្កេតការណ៍អន្តរជាតិ ក៏បានពិនិត្យឃើញយ៉ាងច្បាស់ផងដែរ។
លោក ជឺន វិចិត្រ បានបញ្ជាក់ដូច្នេះ «បើសិនសហរដ្ឋអាមេរិកលោកបញ្ជាក់ថា ពោរពេញដោយការបង្ខិតបង្ខំ ឬដោយប្រការណាមួយនោះ ខ្ញុំមិនដឹងថា គាត់មានអ្វីជាអំណះអំណាងនោះទេ។ ប៉ុន្តែអ្វីដែលជាការរកឃើញរបស់ពួកខ្ញុំសង្កេតឃើញថា វាល្អគ្មានការបង្ខិតបង្ខំដូចការលើកឡើងរបស់គាត់ទេ»។
សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតនៅថ្ងៃម្សិលមិញមានអ្នកសង្កេតការណ៍ជាតិចូលរួមតាមដានដំណើរការបោះឆ្នោតនេះជាង ៩ម៉ឺននាក់ ហើយក៏អ្នកសង្កេតការណ៍អន្តរជាតិជាសមាជិករដ្ឋសភា ព្រឹទ្ធសភាមកពីសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប រួមទាំងស្ថាប័នអន្តរជាតិធំៗមកពី៥២ប្រទេសជាង ៥០០នាក់ទៀត ក៏បានចូលរួមតាមដានការបោះឆ្នោតនេះផងដែរ។ តាមរយៈការសង្កេតរបស់អ្នកសង្កេតការណ៍ទាំងនេះ គឺជាចំណែកមួយក្នុងការធានាដល់ភាពត្រឹមត្រូវក្នុងការបោះឆ្នោតនាថ្ងៃម្សិលមិញនេះ។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា។ អ្វីដែលធ្វើឲ្យពួកគេសរសើរមិនដាច់ពីមាត់នោះ គឺការបោះឆ្នោតនេះប្រព្រឹត្តដោយសភាពស្ងប់ស្ងាត់ មានសុខសន្តិភាព ប្រជាពលរដ្ឋចេញទៅបោះឆ្នោតច្រើនលើសលុបដោយគ្មានការភ័យខ្លាចព្រោះបញ្ហាសន្តិសុខ ឬការគំរាមកំហែង៕