(ភ្នំពេញ)៖ ផ្ទះលក់កាហ្វេមួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ នៅម៉ោង១៖៤៥នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភំ្នពេញ។
ប្រភពព័ត៌មានពីសន្តិសុខ ដែលយាមនៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានអង្គុយយាមនៅជិតកន្លែងកើតហេតុ ស្រាប់ពេលនោះ ក៏ឃើញមានផ្សែងហ៊ុយ ចេញពីក្នុងផ្ទះលក់កាហ្វេនេះ បានបង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅនៅក្នុងផ្ទះខាងលើនេះ។
ភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋ និងសន្តិសុខយាមនៅក្បែរនោះ នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យ បានចុះមកអន្តរាគមន៍បាញ់ទឹកពន្លត់ នៅវេលាម៉ោង ២៖៣០នាទីរសៀល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន១២គ្រឿង ក្នុងនោះបាញ់អស់ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ចំនួន ៣គ្រឿង ដោយក្នុងនោះបាញ់អស់ចំនួន២គ្រឿងផងដែរ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា ករណីអគ្គិភ័យខាងលើ បានលេបត្របាក់សម្ភារមួយចំនួន នៅក្នុងផ្ទះលក់កាហ្វេនេះ ដែលមានទំហំប្រមាណ៥ម៉ែត្រគុណ១០ម៉ែត្រ បណ្តាលឱ្យខូចខាតទាំងស្រុង ដូចជា ទូរទឹកកក កៅអី កង្ហារ និងសម្ភារផ្សេងៗទៀត។ រីឯមូលហេតុសមត្ថកិច្ចបានប្រាប់ឲ្យថា មកពីការទុស្សេខ្សែភ្លើង៕