(ភ្នំពេញ)៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU ដែលមានសហភាពចំនយន១៤ សហព័ន្ធសហជីព៩៥ អង្គការ២ និងសមាគម៣ តំណាងកម្មករនិយោជិត ជាង៧០ម៉ឺននាក់ នៅទូទាំងប្រទេសកម្ពុជា នៅទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានដំណើរការយ៉ាងល្អប្រសើរ និងគ្មានការគំរាមកំហែងកើតឡើងទេ ជាពិសេសគឺមានប្រជាពលរដ្ឋទៅបោះឆ្នោតយ៉ាងច្រើនកុះករ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានបញ្ជាក់ ខ្លួន និងអ្នកសង្កេតការណ៍ជាតិ អន្ដរជាតិ មកពីប្រទេសចំនួន៥២ជុំវិញពិភពលោក បានធ្វើការតាមដាន និងអង្កេតការណ៍យ៉ាងយកចិត្តទុកដាក់លើការអនុវត្ត លទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ សម្រាប់ទូទាំងប្រទេសនេះ គឺពិតជាបានឆ្លុះបញ្ចាំងនូវឆន្ទៈនយោបាយរបស់ប្រជាពលរដ្ឋពិតប្រាកដ ព្រមទាំងប្រព្រឹត្តទៅប្រកបដោយ លទ្ធិប្រជាធិបតេយ្យ លក្ខណៈសេរី សម្ងាត់ តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌។
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា សូមធ្វើការគាំទ្រយ៉ាងពេញទំហឹង ចំពោះដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងលទ្ធផលបណ្ដោះអាសន្នដែលប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្នើសុំរាជរដ្ឋាភិបាលកម្ពុជា បន្ដអនុវត្តច្បាប់ដែលមានឲ្យបានម៉ឺងម៉ាត់ជាប្រទេសលទ្ធិប្រជាធិបតេយ្យ។
សូមបញ្ជាក់ថា បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា សម្រាប់អាណត្តិនេះ មានប្រជាពលរដ្ឋខ្មែរ ចំនួនជិត៧លាននាក់ ស្មើ៨២,១៧% នៃចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅចូលរួមបោះឆ្នោត។ ចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ តែមាន ៦៩,៦១% តែប៉ុណ្ណោះ៕