(ភ្នំពេញ)៖ សហគមន៍អភិវឌ្ឍន៍ជាតិ នៅថ្ងៃទី៣០ ខែកក្កដានេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា ការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តទៅមានភាពរលូនដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយសហគមន៍បានត្រៀមខ្លួនរួចជាស្រេច ធ្វើជាសាក្សីការពារលទ្ធផលបោះឆ្នោត។
សហគមន៍អភិវឌ្ឍន៍ជាតិ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ ឆ្នាំ២០១៨ របស់ប្រជាជនកម្ពុជាដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកសង្កេតការណ៍ជាតិ និងអ្នកសង្កេតការណ៍ចល័ត របស់សហគមន៍អភិវឌ្ឍន៍ជាតិ ដែលបានចូលរួមជាអ្នកសង្កេតការណ៍ជាតិទាំង ២៥ខេត្ត-រាជធានីទូទាំងប្រទេសកម្ពុជា បានពិនិត្យឃើញថា បានប្រព្រឹត្តទៅមានភាពរលូនដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហឹង្សា ប្រកបដោយលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដដែលអាចទទួលយកបានទាំងស្រុង និងគួរឲ្យកោតសសើរបំផុតគ្រប់គណបក្សនយោបាយ។
សហគមន៍អភិវឌ្ឍន៍ជាតិ បានបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ មានការចូលរួមតាមដានយ៉ាងសកម្ម គ្រប់រាល់សកម្មភាព ដូចជាការចុះឈ្មោះបោះឆ្នោតឃោសនារកសម្លេងឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត មកពីគ្រប់គណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល ដែលជាអ្នកសង្កេតការណ៍ជាតិ និងសហគមន៍ជាតិនានាជាច្រើនដែលជា អ្នកសង្កេតការណ៍បោះឆ្នោតនេះ។ លទ្ធផលដ៏ត្រចះត្រចង់នៃការបោះឆ្នោតនេះ បានសម្ដែងឲ្យឃើញនូវសុឆន្ទៈពិតប្រាកដ របស់ប្រជាជនកម្ពុជាគ្រប់ៗរូប ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា «សហគមន៍អភិវឌ្ឍន៍ជាតិ សូមធ្វើសេចក្ដីប្រកាសជាឱឡារឹកថា ក្រោយពីបានទទួលរបាយការណ៍បូកសរុបពីបណ្ដា សមាជិកអ្នកសង្កេតការណ៍ជាតិទាំង២៥ខេត្ត-រាជធានី ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមជាអ្នកសង្កេតការណ៍ ក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត និតិកាលទី៦ ឆ្នាំ២០១៨ នេះបានបង្ហាញពីភាពត្រឹមត្រូវ និងយុត្តិធម៌ អាចទទួលយកបាន»។
សហគមន៍អភិវឌ្ឍន៍ជាតិ សូមធ្វើការគាំទ្រដល់លទ្ធផល នៃការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត និតិកាលទី៦ ឆ្នាំ២០១៨នេះ របស់ប្រជាជនកម្ពុជា ដែលរៀបចំឡើង ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សហគមន៍អភិវឌ្ឍន៍ជាតិ បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមធ្វើជាសាក្សី នៃលទ្ធផល នៃការបោះឆ្នោតដ៏ត្រឹមត្រូវ និងយុត្តិធម៌នេះ ក្នុងគោលបំណងតម្កល់ផលប្រយោជន៍រួម របស់ប្រជាជនកម្ពុជា ដែលបានផ្ដល់នូវការជឿរជាក់ និងទុកចិត្តទៅលើការដឹកនាំប្រទេសជាតិ ឲ្យបានត្រឹមត្រូវដែលកើតចេញពីការបោះឆ្នោត ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌នេះ៕