(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងបន្ថែមថា អំពីជំនន់ទឹកទន្លេមេគង្គ ដែលកំពុងតែវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ពិសេសប្រជាពលរដ្ឋរស់នៅប្រកបមុខរបរតាមដងទន្លេមេគង្គ និងទន្លេសេកុង។

សេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបានរដ្ឋបាលខេត្តស្ទឹងត្រែង បានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្ដាមានប្រុងប្រយ័ត្នខ្ពស់ចំពោះករណីទឹកជំនន់តាមទីតាំងនានា ដែលនឹងអាចបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិ ឃុំសង្កាត់ តាមដងទន្លេមេគង្គ និងទន្លេសេកុង។

ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន រដ្ឋបាលខេត្តស្ទឹងត្រែង ស្នើដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់នៅថ្នាក់ភូមិ ឃុំសង្កាត់ ក្រុងស្រុក ក្នុងខេត្តស្ទឹងត្រែង ដាក់ចេញនូវផែនការត្រៀមបង្ការ និងត្រៀមជួយអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋកំពុងរស់នៅ ប្រកបមុខរបរ តាមមូលដ្ឋានដែលនឹងអាចរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះ ឲ្យបានទាន់ពេលវេលា ធានាបានភាពកក់ក្ដៅ និងសាមគ្គីភាព៕​