(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៨ បានដឹកនាំសហការី អញ្ជើញទៅប្រគល់ផ្ទះចំនួន៣ខ្នង ជូនដល់គ្រួសារអតីតយុទ្ធជនពលីចំនួន៣គ្រួសារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងស្រុកចំនួន២ ក្នុងខេត្តកំពង់ធំ។
អំណោយផ្ទះទាំង៣ខ្នងនោះរួមមាន៖
១៖ ខ្នងផ្ទះទី៨៤នេះ មានទំហំ ៤.៥០ម៉ែត្រ គុណ៦.៥០ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី ដំបូងស័ង្កសី ជញ្ជាំង និងរនាបក្តារ ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលី ឈ្មោះ រស់ ឆេង អាយុ៧៨ឆ្នាំ រស់នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។ ក្នុងឱកាសនោះ លោកប្រធាន និងក្រុមការងារ បានពាំនាំនូវអំណោយរបស់សម្តេចតេជោ ឧបត្ថម្ភជូនគាត់បន្ថែមរួមមាន៖ អង្ករ៥០គីឡូក្រាម, មីម៉ាម៉ា០២កេស, ទឹកត្រីទឹកស៊ីអ៊ីវ០២យួរ និងថវិកា២០០,០០០រៀល។
២៖ ខ្នងផ្ទះទី៨៥នេះ មានទំហំ ៤.៥០ម៉ែត្រ គុណ៦ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី ដំបូងស័ង្កសី ជញ្ជាំង និងរនាបក្តារ ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលី ឈ្មោះ ស្រី ណាន អាយុ ៥៤ឆ្នាំ រស់នៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។ ក្នុងឱកាសនោះ ប្រធាន និងក្រុមការងារ បានពាំនាំនូវអំណោយរបស់សម្តេចតេជោ ដែលឧបត្ថម្ភជូនគាត់បន្ថែមរួមមាន៖ អង្ករ៥០គីឡូក្រាម, មីម៉ាម៉ា០២កេស,ទឹកត្រីទឹកស៉ីអ៉ីវ០២យួរ និងថវិកា២៣០,០០០រៀល។
៣៖ ខ្នងផ្ទះទី៨៦នេះ មានទំហំ ៥ម៉ែត្រគុណ៧ម៉ែត្រ សាងសង់ខ្ពស់ផុតពីដីដំបូងស័ង្កសី ជញ្ជាំង និងរនាបក្តារ ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលី ឈ្មោះ យ៉ន ពៅ អាយុ៤៤ឆ្នាំ រស់នៅភូមិវ័ល្លិយាវ ឃុំត្រពាំងឬស្ស ស្រុកកំពង់ស្វាយ។ ក្នុងឱកាសនោះ ប្រធាន និងក្រុមការងារ បានពាំនាំនូវអំណោយរបស់សម្តេចតេជោ ដែលឧបត្ថម្ភជូនគាត់បន្ថែមរួមមាន៖ អង្ករ៥០គីឡូក្រាម, មីម៉ាម៉ា០២កេស,ទឹកត្រីទឹកស៉ីអ៉ីវ០២យួរ និងថវិកា២៧០,០០០រៀល។
ក្នុងពិធីប្រគល់ផ្ទះថ្មីនេះដែរ អាជ្ញាធរ ប្រជាពលរដ្ឋ សាច់ញាតិ និងក្រុមគ្រួសារអតីតយុទ្ធជនពលីទាំង០៣គ្រួសារ មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជានិច្ចកាលតែងតែយកចិត្ត ទុកដាក់ដល់អតីតយុទ្ធជន។
ជាក់ស្តែងដូចគ្រួសារអតីតយុទ្ធជនទាំង ០៣គ្រួសារ បានទទួលផ្ទះថ្មីនេះ ហើយបានបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៦នេះ និងប្តេជ្ញាបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៧ បន្តទៀត៕