(កំពត)៖ រដ្ឋមន្ត្រីដែលពលរដ្ឋមើលឃើញថាសកម្មក្នុងការបម្រើជាតិ និងប្រជាជននៅតែបន្តសកម្មភាពសកម្មរបស់ខ្លួនដដែលបើទោះបីដឹងថាបក្សខ្លួនទទួលសំឡេងគាំទ្រយ៉ាងច្រើនលើសលុបក៏ដោយនោះ។ លោក ស៊ុន ចាន់ថុល សមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គ្រាន់តែបោះឆ្នោតហើយភ្លាម នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូក្រសួង និងក្រុមហ៊ុន ចុះពិនិត្យមើលដំណើរការជួសជុលកំណាត់ផ្លូវជាតិលេខ៤១ កំណាត់ផ្លូវជាតិលេខ៣ និងកំណាត់ផ្លូវជាតិលេខ៣៣ ក្នុងភូមិសាស្ត្រកែប និង ខេត្តកំពត ដែលបានទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធជួសជុលកាយសម្រួលបន្ទាន់កំណាត់ផ្លូវជាតិទាំងនេះមុនពេលបោះឆ្នោត ដើម្បីសម្រួលជាបណ្តោះអាសន្នដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋធ្វើដំណើរទៅចូលរួមបោះឆ្នោត និងការធ្វើដំណើរ ព្រមទាំងដឹកជញ្ជូនផ្សេងៗ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ៤១ កំពុងសិក្សាលទ្ធភាព និងបច្ចេកទេស ដើម្បីលើកកម្ពស់គុណភាពពីផ្លូវប្រភេទ DBST ទៅជាផ្លូវបេតុងកៅស៊ូ AC ទាំងស្រុង សំដៅរក្សាបានភាពយូរអង្វែង អាចទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមចំណែកក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត។ ដោយឡែកកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញមកបែកគុស ត្រូវបានបើកការដ្ឋានសាងសង់ពង្រីក ដោយក្រុមហ៊ុនចិន ពីពីរគន្លងទៅបួនគន្លង។
លោកទេសរដ្ឋមន្ត្រីបន្ថែមថា ផ្លូវជាតិលខ៣ ពីបែកគុសមកទីរួមខេត្តកំពត បន្តទៅដល់វាលរិញ នឹងត្រូវលើកកម្ពស់គុណភាពផ្លូវពី DBST ទៅផ្លូវបេតុងកៅស៊ូ AC សាងសង់ដោយក្រុមហ៊ុនចិន។ សម្រាប់គម្រោងជួសជុលផ្លូវជាតិលេខ៤វិញ ត្រូវពង្រីកទទឹងពី ០៧ម៉ែត្រទៅ ១១ម៉ែត្រ ក្រាលកៅស៊ូAC បន្ថែមពីលើ និងលើកកម្រិតកម្ពស់ផ្លូវដែលលិចទឹកតាមតំបន់មួយចំនួន។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងលើកកម្ពស់គុណភាពផ្លូវខេត្ត ផ្លូវជាតិជាច្រើនទៀតទៅដល់គ្រប់ច្រកល្ហក ដើម្បីប្រជារាស្ត្រមានឱកាសរកចំណូលបន្ថែម ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។
លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុនដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឲ្យគោរពច្បាប់ចរាចរណ៍ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ ថែរក្សាហេដ្ឋារចនាស្ពានថ្នល់ដែលជាសម្បត្តិដ៏មហាសាល របស់ប្រទេសជាតិឲ្យគង់វង់ និងប្រើប្រាស់ឲ្យបានយូរអង្វែង៕