(ភ្នំពេញ)៖ សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ វាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅកម្ពុជា។ សមាគមនេះ ក៏បានកោតសរសើរនូវភាពចាស់ទុំខាងនយោបាយរបស់សកម្មជន បេក្ខជនគណបក្ស នយោបាយនីមួយៗ ដែលគោរពតាមគោលការណ៍ប្រជាធិបតេយ្យ ច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ព្រមទាំងមានក្រមសីលធម៌ខ្ពស់។
សេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកក្កដានេះបានឱ្យដឹងថា ចំពោះយុទ្ធនាការឃោសនារបស់គណបក្សនយោបាយ បានប្រព្រឹត្តទៅដោយគ្មានការរាំងស្ទះ គ្មានអំពើហិង្សា និងការគំរាមកមហែងលើសកម្មជន បេក្ខជនគណបក្សនយោបាយ និងប្រជាពលរដ្ឋឡើង។ ការហែកខិតបណ្ណ និងពាក្យបណ្តឹងគណបក្សនយោបាយ មានការថយចុះច្រើន ប្រៀបធៀបនឹងការបោះឆ្នោតមុនៗ។ ទាំងនេះអាស្រ័យដោយគណបក្សនីមួយៗ និងបេក្ខជនម្នាក់ៗ ភាគច្រើនយល់ដឹងពីវិធាន បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ព្រមទាំងគោរពតាមអនុលោមតាម គោលការណ៍សិទ្ធិ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។
ជាមួយគ្នានេះ នៅថ្ងៃបោះឆ្នោត មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានទៅបោះឆ្នោតដោយសេរី តាមឆន្ទៈរបស់ខ្លួន ប្រកបដោយការសម្ងាត់ គ្មានសញ្ញាបញ្ជាក់ថា មានការបង្ខិតបង្ខំ ឬបំភិតបំភ័យ និងការទិញទឹកចិត្តអ្នកបោះឆ្នោតឡើយ។ យោងតាមលទ្ធផលបណ្តុះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គិតត្រឹមម៉ោង០៥៖០០នាទីល្ងាច អ្នកបានទៅចូលរួមទៅបោះឆ្នោតមានចំនួន៦,៨៨៥,៧២៩នាក់ ស្មើនឹង៨២.១៧ភាគរយ ក្នុងចំណោមអ្នកបានចុះឈ្មោះបោះឆ្នោតមានប្រមាណ៨.៣៨០.២១៧នាក់ នៅក្នុង២៥រាជធានី-ខេត្ត ទូទាំងប្រទេស។
នៅពេលរាប់សន្លឹកឆ្នោត ការិយាល័យបោះឆ្នោតនីមួយៗ បានក្លាយជាការិយាល័យសម្រាប់រាប់សន្លឹកឆ្នោត និងជាកន្លែងប្រកាសលទ្ធផលបណ្តុះអាសន្ននៃការរាប់សន្លឹកឆ្នោត។ ដំណើរការនេះ បានប្រព្រឹត្តទៅដោយរលូន ស្ថិតនៅក្នុងបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សា គ្មានការបង្ខិតបង្ខំ ឬការបំភិតបំភ័យអ្វីឡើយ។
ទទ្ទឹមនឹងនេះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦នេះ ពិតជាបានឆ្លុះបញ្ចាំងនូវឆន្ទៈនយោបាយរបស់ប្រជាពលរដ្ឋពិតប្រាកដ ព្រមទាំងប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី សម្ងាត់ សម្លាភាព ត្រឹមត្រូវ តាមផ្លួវច្បាប់៕