(ភ្នំពេញ)៖ ក្រោយពីទទួលបានដំណឹងថា លោកសាស្ត្រាចារ្យ Pierre-Andre LABLAUDE ជាអ្នកជំនាញម្នាក់ នៃគណៈកម្មាធិការ ICC-Angkor ដែលបានប្រើពេលស្ទើរពាក់កណ្តាលជីវិត ដើម្បីបំពេញការងារនៅអង្គរ បានទទួលមរណភាពនោះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានផ្ញើសាររំលែកមរណទុក្ខយ៉ាងក្រៀមក្រំ។
ជនបរទេសដែលបានលះបង់ពេលវេលាដើម្បីប្រយោជន៍កម្ពុជារូបនេះ បានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ដោយជំងឺគាំងបេះដូង នៅប្រទេសបារាំង។
លោកបានមកបំពេញការងារនៅអង្គរ ក្នុងនាមជាអ្នកជំនាញការលើការងារជួសជុល និងកិច្ចការអភិរក្សតាំងពីដើមទសវត្សឆ្នាំ១៩៩០មក។ លោក និងក្រុមការងារបានរួមចំណែកយ៉ាងច្រើន ជួយឲ្យអង្គរទទួលបានការស្រោចស្រង់ពីស្ថាប័នអន្តរជាតិ និងជួយឲ្យរមណីយដ្ឋានអង្គររួចផុតពី «បញ្ជីបេតិកភណ្ឌពិភពលោកប្រមឈមនឹងគ្រោះថ្នាក់» ក្នុងឆ្នាំ២០០៤ ផងដែរ។
ក្នុងនាមជាស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ លោកស្រី ភឿង សកុណា ក៏ដូចជាមន្ត្រី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាពិតជាសោកស្តាយ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារ និងសហការីរបស់លោកសាស្ត្រាចារ្យ។ នេះជាការបាត់បង់នូវបុគ្គលដែលមានសមត្ថភាព និងលះបង់ខ្ពស់ចំពោះអង្គរ ដែលអាជ្ញាធរជាតិអប្សរាទាំងមូល នឹងចងចាំនូងគំរូវីរភាពរបស់លោក និងដឹងគុណរូបលោកជារៀងរហូត។
ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃអាជ្ញាធរជាតិអប្សរា សូមឧទ្ទិសនូវបុណ្យកុសលគ្រប់យ៉ាងចំពោះលោកសាស្ត្រាចារ្យ សូមលោកបានទៅកាន់សុគតិភពកុំបីខាន។
ខាងក្រោមនេះ សាររំលែកមរណទុក្ខរបស់លោកស្រី ភឿង សកុណា ជូនចំពោះក្រុមគ្រួសារ និងសហការីរបស់លោកសាស្ត្រាចារ្យ LABLAUDE៖