(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍ដែលបានចូលរួមតាមដានដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ បានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនេះ ដោយពួកគេបានមើលឃើញថា ការបោះឆ្នោតនេះ បានធ្វើឡើងដោយភាពល្អប្រសើរ ស្ងប់ស្ងាត់ សេរី និងគ្មានការបង្ខិតបង្ខំចំពោះម្ចាស់ឆ្នោតនោះឡើយ។

ការបញ្ជាក់របស់ក្រុមអ្នកសង្កេតការណ៍នេះ បានបង្ហាញក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំឡើង ដោយវេទិកាសង្គមស៊ីវិលនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ។ ក្រុមអ្នកសង្កេតការណ៍ជាតិមកពីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ក៏បានបង្ហាញការចម្លែកក្នុងចិត្តផងដែរចំពោះការបោះឆ្នោតម្សិលមិញនេះ ព្រោះមានប្រជាពលរដ្ឋម្ចាស់ឆ្នោតបានមើលឃើញពីតម្លៃនៃការបោះឆ្នោត និងបានសស្រាក់សស្រាំទៅចូលរួមការបោះឆ្នោតនៅថ្ងៃម្សិលមិញ។

អ្នកស្រី ជុំ ច័ន្ទពុទ្ធាវី ប្រធានអង្គការក្រុមទ្រទ្រង់ស្ត្រីខ្មែរ បានលើកឡើងក្នុងសន្និសីទនេះថា អង្គការរបស់អ្នកស្រី បានធ្វើការសង្កេតស្ថានភាពនៃការបោះឆ្នោតទាំងមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ដើម្បីស្វែងយល់ពីស្ថានភាពទូទៅដំណើរការបោះឆ្នោត។ លោកស្រីបន្ថែមថា អង្គការរបស់អ្នកស្រីសង្កេតឃើញថា បរិយាកាសនៃដំណើរការបោះឆ្នោតមានភាពស្ងប់ស្ងាត់ល្អ និងគ្មានអំពើហិង្សា។

«អំឡុងពេល និងក្រោយដំណើរការបោះឆ្នោតពុំមានហេតុការណ៍ណាមួយដែលជះឥទ្ធិពលរំខានក្នុងពេលបោះឆ្នោតឡើយ។ នៅថ្ងៃបោះឆ្នោតប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតប្រកបដោយទឹកមុខរីករាយ»។ អ្នកស្រី ជុំ ច័ន្ទពុទ្ធាវី បញ្ជាក់បន្ថែម។

ប្រធានអង្គការជំនួយអភិវឌ្ឍន៍ និងសន្តិភាព លោក ជឺន វិចិត្រ ក៏បានមើលឃើញមិនខុសពីប្រធានអង្គការក្រុមទ្រទ្រង់ស្តីខ្មែរផងដែរ។ លោក ជឹន វិចិត្រ បានលើកឡើងថា ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមានការចូលរួមយ៉ាងផុលផុស និងបានបង្ហាញនូវភាពរីករាយ និងពេញចិត្តក្នុងការចូលរួមបោះឆ្នោត។

លោក ជឺន វិចិត្រ បានបញ្ជាក់យ៉ាងដូច្នេះ «អង្គការជំនួយអភិវឌ្ឍន៍ និងសន្តិភាព សូមវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសេរី យុត្តិធម៌ មានតម្លាភាព និងអាចទទួលយកបាន»

បើទោះបីជាយ៉ាងណាក្រុមអ្នកសង្កេតការណ៍ជាតិនេះ ក៏បានរកឃើញថា ប្រជាពលរដ្ឋមួយចំនួនមិនបានបោះឆ្នោតផងដែរ ព្រោះមិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដូចជាមានឯកសារបម្រើការបោះឆ្នោត។ ក្រុមអ្នកសង្កេតការណ៍ជាតិ ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់អាណត្តិក្រោយៗទៀត ផ្សព្វផ្សាយពីនីតិវិធីនៃការបោះឆ្នោតឲ្យកាន់តែផុសផុលបន្ថែម ដើម្បីប្រជាពលរដ្ឋបានជ្រាបកាន់តែច្បាស់ពីនីតិវិធីនៃការបោះឆ្នោត។ ក្រុមអ្នកសង្កេតការណ៍ក៏ចង់ឲ្យរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិលចូលរួមអប់រំប្រជាពលរដ្ឋពីនីតិវិធីនៃការបោះឆ្នោតនេះផងដែរ។

សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតនៅថ្ងៃម្សិលមិញមានអ្នកសង្កេតការណ៍ជាតិចូលរួមតាមដានដំណើរការបោះឆ្នោតនេះជាង ៩ម៉ឺននាក់ ហើយក៏អ្នកសង្កេតការណ៍អន្តរជាតិជាសមាជិករដ្ឋសភា ព្រឹទ្ធសភាមកពីសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប​ រួមទាំងស្ថាប័នអន្តរជាតិធំៗមកពី៥២ប្រទេសជាង ៥០០នាក់ទៀត ក៏បានចូលរួមតាមដានការបោះឆ្នោតនេះផងដែរ។

នៅថ្ងៃម្សិលមិញនេះ ក្រោយពេលការបោះឆ្នោតបានបិទបញ្ចប់ភ្លាមក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ ក៏បានធ្វើសន្និសីទបង្ហាញពីការសង្កេតរបស់ពួកគេទៅលើដំណើរការបោះឆ្នោតនៅកម្ពុជានេះផងដែរ។ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា។ អ្វីដែលធ្វើឲ្យពួកគេសរសើរមិនដាច់ពីមាត់នោះ គឺការបោះឆ្នោតនេះប្រព្រឹត្តដោយសភាពស្ងប់ស្ងាត់ មានសុខសន្តិភាព ប្រជាពលរដ្ឋចេញទៅបោះឆ្នោតច្រើនលើសលុបដោយគ្មានការភ័យខ្លាចព្រោះបញ្ហាសន្តិសុខ ឬការគំរាមកំហែង។

មានអ្នកសង្កេតការណ៍អន្តរជាតិខ្លះទៀត បានចាត់ទុកការបោះឆ្នោតនៅកម្ពុជានេះ គឺជាគំរូមួយនៅតំបន់អាស៊ីថែមទៀតផង៕