(ភ្នំពេញ)៖ លោក ហេង កេសរោ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ បានដោះលែងជនជាតិចិនម្នាក់ ពាក់ព័ន្ធសំណុំរឿងហិង្សា លើកូនបំណុលរបស់ខ្លួន។ នេះបើយោងតាមមន្ត្រីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ។
បើតាមមន្រ្តីតុលាការ លោកចៅក្រម ហេង កេសរោ បានដោះលែងជនត្រូវចោទធ្វើឡើងបន្ទាប់ពីលោក សឿ ឡងឌី ជាតំណាងអយ្យការបានបញ្ចប់ការស៊ើបសួរ និងចោទប្រកាន់លើជនជាតិចិន រួចហើយបញ្ជូនសំណុំរឿងទៅលោកចៅក្រម ហេង កេសរោ ដើម្បីសម្រេចធ្វើការដោះលែង។
ពាក់ព័ន្ធករណីនេះ លោក សឿ ឡងឌី បានឲ្យដឹងតាមទូរស័ព្ទថា លោកពិតជាបានកាន់សំណុំរឿងនេះមែន ហើយបិទទូរស័ព្ទតែម្តង និងឈប់ទទួលទូរស័ព្ទរបស់អ្នកកាសែត ទោះហៅចូលច្រើនដងក៏ដោយ។
សូមបញ្ជាក់ថា ជនជាតិចិនដែលត្រូវលោកចៅក្រម ហេង កេសរោ និងលោក សឿ ឡងឌី សហការគ្នាសម្រួលនីតិវិធីឲ្យបានត្រឡប់ទៅផ្ទះវិញនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធ អំពើហិង្សាវាយតប់លើជនរងគ្រោះ ដែលជាកូនបំណុលហើយបញ្ជូនមកតុលាការ៕