(ស្ទឹងត្រែង)៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាកឲ្យដឹងថា មកដល់ម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០.៧៥ម៉ែត្រ ខណៈកម្រិតកម្ពស់ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ១០.៧០ម៉ែត្រប៉ុណ្ណោះ។
ក្រសួងបានបញ្ជាក់ទៀតថា ពេលនេះ ទឹកទន្លេបានចាប់ផ្តើមលិចចូលតំបន់ទំនាបមួយចំនួន ដែលនៅតាមដងទន្លេជាបណ្តើរៗហើយ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹងមួយបញ្ជាក់ថា ដោយសារមានភ្លៀងធ្លាក់ ជាបន្ដបន្ទាប់នៅតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ បានបង្កឲ្យទឹកទន្លេមេគង្គលើ ក្នុងប្រទេសកម្ពុជា បន្ដកើនឡើងជាបន្ដបន្ទាប់។
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពកម្ពស់ទឹកទន្លេ របស់ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា យោងតាមការព្យាករនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ទឹកទន្លេមេគង្គលើអាចកើនឡើងដល់៖
* ទន្លេមេគង្គស្ទឹងត្រែង ទឹកអាចកើនឡើងដល់ ១១.០៥ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៧០ ម៉ែត្រ)។
* ទន្លេមេគង្គក្រចេះ ទឹកអាចកើនឡើងដល់ ២១.៦៥ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ)។
* ទន្លេមេគង្គកំពង់ចាម ទឹកអាចកើនឡើងដល់ ១៤.៨០ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១៥.២០ ម៉ែត្រ)។
ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវឲ្យក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គលើ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជ្រៀសវាងនូវគ្រោះថា្នក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕