(ភ្នំពេញ)៖ លោក ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់សម្តេចក្រឡាហោម ស ខេង បានទទួលមរណភាពនៅប្រទេសចិន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ វេលាម៉ោង១០៖៣៩នាទី ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
នៅក្នុងសេចក្តីជូនដំណឹង បានឱ្យដឹងយ៉ាងដូច្នេះ៖ «ខ្ញុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយាសូមទូលថ្វាយ និងជម្រាបជូនដំណឹងសម្តេច ឯកឧត្តម អ្នកឧញ៉ា លោកឧញ៉ា លោកជំទាវ លោក លោកស្រី និងសាធារណៈជន សូមមេត្តាជ្រាបថា ឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវជាប្អូនបង្កើតយើងខ្ញុំ បានទទួលមរណភាពនៅថ្ងៃអាទិត្យ២រោច ខែទុតិយាសាឌ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ វេលាម៉ោង១០៖៣៩នាទី ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ»។
សពរបស់លោក ស ថេង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសពលេខ១០០ មហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨៕