(ភ្នំពេញ)៖ តំណាងអ្នកសង្កេតការណ៍អន្តរជាតិ មកពីប្រទេសនេប៉ាល បានសម្តែងការកោតស្ងប់ស្ងែងចំពោះស្ថានភាពសន្តិភាព សន្តិសុខ នៅក្នុងប្រទេសកម្ពុជា ជាពិសេសដំណើរការបោះឆ្នោតព្រឹកមិញ ដោយបានសង្កេតឃើញប្រជាពលរដ្ឋនាំកម្ពុជា បានកូនតូចទៅចូលរួមបោះឆ្នោត ដោយបានបង្ហាញពីសន្តិសុខមែនទែន ដែលខុសផ្ទុយពីប្រទេសនេប៉ាល មិនអាចធ្វើបែបនេះបាន។
តំណាងអ្នកសង្កេតការណ៍មកពីប្រទេសនេប៉ាល បានថ្លែងបែបនេះ នៅព្រលប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលពួកគាត់ បានចូលរួមកម្មវិធីរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីវាយតម្លៃពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ (បន្ទប់ទី១៖ បន្ទប់ Ballroom2, បន្ទប់ទី២៖ បន្ទប់ Phokeethra1)។
ជាមួយគ្នានេះ តំណាងអ្នកសង្កេតការណ៍មកពីប្រទេសនេប៉ាល បានកោតសសើរពីដំណើរការបោះឆ្នោតនៅកម្ពុជា ប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានប្រជាពលរដ្ឋបានអញ្ជើញចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ដែលទាំងនេះបានបង្ហាញថា ដោយសារតែកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនិយោយបាយ ដែលផ្ទុយស្រឡះពីបណ្តាប្រទេសមួយចំនួន ឱ្យតែដល់រដូវការបោះឆ្នោតវប្រជាពលរដ្ឋមានការព្រួយបារម្ភ ពីសុវត្ថិភាពរបស់ពួកគេផងដែរ។
រវាយតម្លៃរបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ធ្វើឡើងបន្ទាប់ពីការបោះឆ្នោតនៅកម្ពុជា បានបិទបញ្ចប់ ខណៈដែលមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំ។
ជាមួយគ្នានេះ តាមតួរលេខបឋម ដែលបង្ហាញភ្លាមៗដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប ទាំងមិនទាន់រាប់សន្លឹកឆ្នោតអស់ ក្រោយបិទបញ្ចប់ការបោះឆ្នោតបានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋបានបោះឆ្នោតនៅថ្ងៃអាទិត្យនេះ មានរហូតដល់ទៅ ៧៥.០៤ភាគរយនៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៨,៣៨០,២១៧នាក់ ខណៈឆ្នាំ២០១៣ ប្រជាពលរដ្ឋដែលទៅចូលរួមបោះឆ្នោតមានចំនួនត្រឹមតែ ៦៩,៦១ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតតែប៉ុណ្ណោះ។
មិនត្រឹមតែចំនួនប្រជាពលរដ្ឋដែលចូលរួមបោះឆ្នោតប៉ុណ្ណោះទេ ដែលកើនឡើងខ្ពស់ជាងឆ្នាំ២០១៣ សម្រាប់គណបក្សនយោបាយឯណោះវិញក៏មានចំនួនកើនឡើងខ្ពស់ជាងអាណត្តិមុនផងដែរ។ នៅអាណត្តិនេះ គណបក្សនយោបាយដែលចួលរួមក្នុងការបោះឆ្នោត មានរហូតដល់២០គណបក្ស ចំណែកឆ្នាំ២០១៣ មានត្រឹម៨គណបក្សនយោបាយតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨នេះ មានក្រុមអ្នកសង្កេតការណ៍អន្តរជាតិជាង៥០០នាក់ មកពីជាង៧០ស្ថាប័ន ជុំវិញពិភពលោក រួមមានដូចជា សហគមន៍អឺរ៉ុប អាមេរិក អាស៊ី អាស៊ាន អូស្រ្តាលី និងតំបន់មួយចំនួនទៀត ខណៈឆ្នាំ២០១៣ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៥ មានអ្នកសង្កេតការណ៍អន្តរជាតិត្រឹម២៤៣នាក់ប៉ុណ្ណោះ៕