(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានសិក្សាកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ ឆ្នាំ២០១៨» នៅល្ងាចថ្ងៃទី២៩ ខែកក្កដានេះ នៅវេលាម៉ោង០៥៖០០នាទី នៅក្នុងវិទ្យាល័យ បឹងត្របែក រាជធានីភ្នំពេញ។
ជាមួយគ្នានេះ តាមតួរលេខបឋម ដែលបង្ហាញភ្លាមៗដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប ទាំងមិនទាន់រាប់សន្លឹកឆ្នោតអស់ ក្រោយបិទបញ្ចប់ការបោះឆ្នោតបានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋបានបោះឆ្នោតនៅថ្ងៃអាទិត្យនេះ មានរហូតដល់ទៅ ៧៥.០៤ភាគរយនៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៨,៣៨០,២១៧នាក់ ខណៈឆ្នាំ២០១៣ ប្រជាពលរដ្ឋដែលទៅចូលរួមបោះឆ្នោតមានចំនួនត្រឹមតែ ៦៩,៦១ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតតែប៉ុណ្ណោះ។
មិនត្រឹមតែចំនួនប្រជាពលរដ្ឋដែលចូលរួមបោះឆ្នោតប៉ុណ្ណោះទេ ដែលកើនឡើងខ្ពស់ជាងឆ្នាំ២០១៣ សម្រាប់គណបក្សនយោបាយឯណោះវិញក៏មានចំនួនកើនឡើងខ្ពស់ជាងអាណត្តិមុនផងដែរ។ នៅអាណត្តិនេះ គណបក្សនយោបាយដែលចួលរួមក្នុងការបោះឆ្នោត មានរហូតដល់២០គណបក្ស ចំណែកឆ្នាំ២០១៣ មានត្រឹម៨គណបក្សនយោបាយតែប៉ុណ្ណោះ។
ក្រៅពីនេះក៏មានចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ កើនឡើងច្រើនជាងមុនទៀត។ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិដែលចូលរួមក្នុងការបោះឆ្នោតអាណត្តិនេះ មានរហូតដល់ជាង៩ម៉ឺននាក់ ក្នុងនោះអ្នកអង្កេតការណ៍អន្តរជាតិមានរហូតដល់ជាង ៥០០នាក់ មកពីជាង៧០ស្ថាប័ន ជុំវិញពិភពលោក រួមមានដូចជា សហគមន៍អឺរ៉ុប អាមេរិក អាស៊ី អាស៊ាន អូស្រ្តាលី និងតំបន់មួយចំនួនទៀត ខណៈឆ្នាំ២០១៣ អាណត្តិទី៥ មានអ្នកសង្កេតការណ៍អន្តរជាតិត្រឹម ២៤៣នាក់ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកសង្កេតការណ៍ជាតិ ក្នុងការបោះឆ្នោតលើកនេះមានចំនួន ៩៩,៦១២នាក់ មកពីស្ថាប័នចំនួន១១២ ខណៈដែលតួរលេខអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតអាណត្តិទី៥ មានចំនួន ៤០,១៤២នាក់៕