(ភ្នំពេញ)៖ ទីបំផុត ក្រោយបិទបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅវេលាម៉ោង៣៖០០រសៀល នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ អត្រាភាគរយនៃប្រជាពលរដ្ឋ ដែលបានទៅចូលរួមបោះឆ្នោត មានចំនួនកើនឡើងខ្ពស់ជាងការបោះឆ្នោត កាលពីឆ្នាំ២០១៣។
តាមតួរលេខបឋម ដែលបង្ហាញភ្លាមៗដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប ទាំងមិនទាន់រាប់សន្លឹកឆ្នោតអស់ ក្រោយបិទបញ្ចប់ការបោះឆ្នោតបានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋបានបោះឆ្នោតនៅថ្ងៃអាទិត្យនេះ មានរហូតដល់ទៅ ៧៥.០៤ភាគរយនៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៨,៣៨០,២១៧នាក់ ខណៈឆ្នាំ២០១៣ ប្រជាពលរដ្ឋដែលទៅចូលរួមបោះឆ្នោតមានចំនួនត្រឹមតែ ៦៩,៦១ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតតែប៉ុណ្ណោះ។
មិនត្រឹមតែចំនួនប្រជាពលរដ្ឋដែលចូលរួមបោះឆ្នោតប៉ុណ្ណោះទេ ដែលកើនឡើងខ្ពស់ជាងឆ្នាំ២០១៣ សម្រាប់គណបក្សនយោបាយឯណោះវិញក៏មានចំនួនកើនឡើងខ្ពស់ជាងអាណត្តិមុនផងដែរ។ នៅអាណត្តិនេះ គណបក្សនយោបាយដែលចួលរួមក្នុងការបោះឆ្នោត មានរហូតដល់២០គណបក្ស ចំណែកឆ្នាំ២០១៣ មានត្រឹម៨គណបក្សនយោបាយតែប៉ុណ្ណោះ។
ក្រៅពីនេះក៏មានចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ កើនឡើងច្រើនជាងមុនទៀត។ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិដែលចូលរួមក្នុងការបោះឆ្នោតអាណត្តិនេះ មានរហូតដល់ជាង៩ម៉ឺននាក់ ក្នុងនោះអ្នកអង្កេតការណ៍អន្តរជាតិមានរហូតដល់ជាង ៥០០នាក់ មកពីជាង៧០ស្ថាប័ន ជុំវិញពិភពលោក រួមមានដូចជា សហគមន៍អឺរ៉ុប អាមេរិក អាស៊ី អាស៊ាន អូស្រ្តាលី និងតំបន់មួយចំនួនទៀត ខណៈឆ្នាំ២០១៣ អាណត្តិទី៥ មានអ្នកសង្កេតការណ៍អន្តរជាតិត្រឹម ២៤៣នាក់ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកសង្កេតការណ៍ជាតិ ក្នុងការបោះឆ្នោតលើកនេះមានចំនួន ៩៩,៦១២នាក់ មកពីស្ថាប័នចំនួន១១២ ខណៈដែលតួរលេខអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតអាណត្តិទី៥ មានចំនួន ៤០,១៤២នាក់។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា។ សន្តិសុខត្រូវបានការពារយ៉ាងហ្មត់ចត់ មិនបានបង្កការភ័យខ្លាចអ្វីដល់ប្រជាពលរដ្ឋដូចកាលបោះឆ្នោត កាលពីឆ្នាំ២០១៣នោះទេ។ អំឡុងពេលបោះឆ្នោត ក៏គ្មានអំពើហិង្សា ហើយក្រោយពេលបញ្ចប់ការបោះឆ្នោត ក៏គ្មានអំពើហិង្សា ស្របពេលដែលគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតលើកនេះ រង់ចាំស្តាប់លទ្ធផលប្រកាសដោយគ.ជ.ប ខាងមុខនេះ៕