(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា គិតត្រឹមម៉ោងជាង២រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សភាពការណ៍សន្ដិសុខទូទៅ នៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ បាននិងកំពុងប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ មិនមានបញ្ហាអ្វីគំរាមកំហែង ឬអំពើហិង្សាណាមួយកើតឡើងនៅទេ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «គិតត្រឹមម៉ោងនេះ សភាពការណ៍ទូទៅគឺមានលក្ខណៈល្អប្រសើរ មិនមានអំពើហិង្សា ឬអំពើអសន្ដិសុខណាមួយកើតឡើងនោះទេ ហើយការបោះឆ្នោតកំពុងប្រព្រឹត្តទៅបានយ៉ាងរលូននៅទូទាំងប្រទេស»។

ដោយឡែក សម្រាប់សភាពការណ៍នៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវបាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់ Fresh News ឲ្យដឹងដែរថា ក៏មានសភាពការណ៍ល្អប្រសើរ គ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយកើតឡើងនោះទេ។

បើតាមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ កម្លាំងនគរបាលកំពុងតែល្បាតនៅក្នុងមូលដ្ឋាន ដោយប្រើប្រាស់មធ្យោបាយរថយន្ដ និងម៉ូតូតាមគ្រប់រូបភាពទាំងអស់ ដើម្បីត្រៀមបង្ក្រាបបទល្មើសផ្សេងៗ ដែលអាចកើតឡើង ដោយសារតែប្រជាពលរដ្ឋបានបិទទ្វារផ្ទះ ហើយអញ្ជើញទៅបោះឆ្នោត។​

សូមជម្រាបថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប លោក ទេព នីថា និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការ បានអះអាងដូចគ្នាថា ករណីកម្លាំងសមត្ថកិច្ចជាច្រើនប្រមាណ៨ម៉ឺននាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ដំណើរការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៦ មិនមែនជាការគំរាមកំហែងនោះទេ ពោលគឺដោយសារតែកំណើនការិយាល័យបោះឆ្នោត៕​