(ភ្នំពេញ)៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្ត និងជាអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការហាមមិនឱ្យធ្វើនយោបាយ៥ឆ្នាំដែរនោះ បានចេញមុខប្រឆាំងនឹងយុទ្ធនាការ «ម្រាមដៃស្អាត» មេរបស់ខ្លួនគឺលោក សម រង្ស៊ី ដោយលោកបានចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
នៅក្នុងរូបភាពបង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃនេះ លោក គង់ បូរ៉ា, លោក គង់ គាំ (ឪពុករបស់លោក) និង លោក គង់ មូនីកា បានបង្ហាញចង្អុលដៃដោយមានជាប់ជ្រលក់ទឹកខ្មៅលុបមិនជ្រះ ជាមួយក្រុមគ្រួសារបស់លោក។
នៅលើបណ្តាញសង្គម Facebook លោក គង់ បូរ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះជាប់បំរាមមិនឱ្យធ្វើនយោបាយ ៥ឆ្នាំមែន តែខ្ញុំបំពេញសិទ្ធជាពលរដ្ឋធម្មតាទៅបោះឆ្នោត ដើម្បីសម្រេចការផ្លាស់ប្តូរជាវិជ្ជមានរួចហើយ»។
ការបង្ហាញចង្អុលដៃមានជ្រលក់ទឹកខ្មៅនេះ គឺផ្ទុយទាំងស្រុងទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៊ី មុនពេលបោះឆ្នោតសកល ឱ្យអតីតសមាជិកនៃអតីតគណបក្ស សង្រ្គោះជាតិទាំងអស់ ធ្វើយុទ្ធនាការម្រាមដៃស្អាត ដើម្បីកុំចូលរួម និងប្រឆាំងចំពោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅកម្ពុជា ថ្ងៃអាទិត្យនេះ។
ប្អូនប្រុសរបស់លោក គង់ បូរ៉ា គឺលោក គង់ មូនីកា បានបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះ គណបក្សឆន្ទៈខ្មែរ ហើយចូលរួមប្រកួតប្រជែងជាមួយគណបក្សនយោបាយ ចំនួន១៩ផ្សេងទៀត។ គណបក្សថ្មីនេះ ត្រូវបានជួយជ្រុមជ្រែងដោយលោក គង់ គាំ អតីតដៃគូសំខាន់របស់ លោក សម រង្ស៊ី ហើយក៏ជាអតីតប្រធានគណបក្សសមរង្ស៊ី ដែលក្រោយមកដូរទៅជា គណបក្សភ្លើងទៀនផងដែរ។
ចំណែកប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតឯណោះវិញ មិនបានខ្វល់នឹងយុទ្ធនាការម្រាមដៃស្អាតរបស់ លោក សម រង្ស៊ី នោះទេ ពួកគាត់ចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ដែលរបាយការណ៍បឋម បានឱ្យដឹងថា ចំនួនអ្នកបោះឆ្នោតត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះមានចំនួនច្រើនជាង៥០ភាគរយផងដែរ។ ការចូលរួមបោះឆ្នោតដ៏សស្រាក់សស្រាំបែបរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនាពេលនេះ មិនខុសអ្វីពីការបោះឆ្នោតកាលពីអាណត្តិមុនៗទេ ហើយលើកនេះសឹងតែអាចមានចំនួនច្រើនជាងអាណត្តិមុនៗទៅទៀត នេះបើមើលតាមជាក់ស្តែង។
ការបោះឆ្នោតរបស់ពលរដ្ឋនាពេលនេះ ហាក់កំពុងតែសម្លាប់ «យុទ្ធនាការដេកផ្ទះឈ្នះឯង» ដែលជាទ្រឹស្តីជនបរាជ័យដាក់ចេញដោយ ក្រុមប្រឆាំងដឹកនាំដោយបុគ្គល សម រង្ស៊ី មុនការបោះឆ្នោតសកល។ យុទ្ធនាការម្រាមដៃស្អាត ដែលដាក់ចេញដោយមេចលនាសង្រ្គោះជាតិ ត្រូវបានសន្មត់ថា បានបរាជ័យទាំងស្រុងនៅថ្ងៃនេះ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរជាច្រើន ទៅចូលរួមបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំ អ្នកអភិវឌ្ឍប្រទេសពិតប្រាកដ ដែលមេដឹកនាំពិតប្រាកដនេះ មិនមានជាអ្នកគ្រាន់តែនិយាយ គ្រាន់តែថា គ្រាន់តែចាំរិះគន់ រហូតដល់ហ៊ានបំផ្លាញជាតិខ្លួនឯងថែមទៀតឱ្យតែចំណេញនិយោយទុច្ចរិតរបស់ពួកគេ៕