(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលកំពុងតែដំណើរការជិតឈានដល់ការបិទបញ្ចប់នេះ មិនបង្កឲ្យមានការភ័យខា្លច ដល់ប្រជាពលរដ្ឋដូចការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ ឆ្នាំ២០១៣នោះឡើយ។
គេនៅចាំបានថាការបោះឆ្នោតឆ្នាំ២០១៣ បានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋជាខ្លាំង ជាពិសេសនៅក្នុងរាជធានីភ្នំពេញតែម្ដង ដោយសារតែនៅក្រោយពេលបោះឆ្នោតភ្លាមៗជាពិសេសនៅពេលរាប់សន្លឹកឆ្នោតម្តង មានការផ្ទុះការតវ៉ា និងប៉ះទង្គិចគ្នារវាងកម្លាំងសមត្ថកិច្ច ជាមួយអ្នកតវ៉ាយ៉ាងស្រួចស្រាវនៅតាមការិយាល័យបោះឆ្នោតមួយចំនួន។ ការតវ៉ានេះបានបន្តកើតមានរហូតដល់ពេលយប់ ហើយមានការដង្ហែក្បួនតវ៉ានៅតាមដងផ្លូវរហូតមានអ្នកស្លាប់ព្រោះការប៉ះទង្គិចនោះទៀតផង។
តាមរយៈបាតុភាពទាំងនេះធ្វើឲ្យប្រជាពលរដ្ឋ អាជីវករ នៅក្នុងរាជធានីភ្នំពេញ ព្រួយបារម្ភចំពោះសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ រហូតមិនហ៊ានបើកទ្វារប្រកបរបបអាជីវកម្មផ្សេងៗ មានអ្នកខ្លះទៀតបានទិញគ្រឿងឧបភោគបរិភោគ ដើម្បីត្រៀមបម្រុងទុកនៅក្នុងផ្ទះថែមទៀតផង។ ក្នុងនោះនៅតាមកន្លែងលក់ម៉ូតូ លក់រថយន្តមួយចំនួន ក៏មិនហ៊ានបើកទ្វារលក់ដូរអស់ជាច្រើនថ្ងៃថែមទៀតផង។
ខុសពីឆ្នាំ២០១៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះវិញ គ្រាដែលការបោះឆ្នោតជិតបិទបញ្ចប់នោះ ការបោះឆ្នោតមានសភាពស្ងប់ស្ងាត់មិនបង្កការភ័យខា្លច ណាមួយដល់ប្រជាពលរដ្ឋតាមរយៈការផ្ទុះបាតុភាពតវ៉ា ឬហិង្សាណាមួយនោះទេ។
អ្នកស្រី កៀន តុលា ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងបានបោះឆ្នោតរួចរាល់ហើយនោះ បានថ្លែងថា ព្រឹត្តិការណ៍បោះឆ្នោតលើកនេះ មិនមានបង្កការភ័យខ្លាចអ្វីដល់អ្នកស្រីនោះទេ ព្រោះអ្នកស្រីមើលឃើញថា មានការស្ងប់ស្ងាត់ល្អ ហើយប្រជាពលរដ្ឋជាច្រើនបានចេញទៅបោះឆ្នោតធម្មតា រួចអាចត្រឡប់មកប្រកបរបររកស៊ីបានដូចធម្មតា។
ស្រដៀងគ្នានេះ អាជីវករក្នុងរាជធានីភ្នំពេញមួយរូបទៀត គឺលោក ទ្រី សុខលាភ ក៏បានបង្ហាញក្ដីរីករាយផងដែរ ចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ឆ្នាំ២០១៨ ព្រោះតែលោកបានបំពេញកាតព្វកិច្ចដោយគ្មានការភ័យខ្លាចអ្វីទាំងអស់ ជាមួយស្ថានភាពសន្ដិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ហើយបន្ទាប់បោះឆ្នោតរួចរាល់លោកអាចមកប្រកបអាជីវកម្មដូចសព្វមួយដង។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ សភាពការណ៍សន្ដិសុខទូទៅ នៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ កំពុងប្រព្រឹត្តទៅបានយ៉ាងរលូត មិនមានបញ្ហាអ្វីគំរាមកំហែង ឬអំពើហិង្សាណាមួយកើតឡើងនៅទេ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ សភាពការណ៍ទូទៅគឺមានលក្ខណៈល្អប្រសើរ មិនមានអំពើហិង្សា ឬអំពើអសន្ដិសុខណាមួយកើតឡើងនោះទេ ហើយការបោះឆ្នោតកំពុងប្រព្រឹត្តទៅបានយ៉ាងរលូន នៅទូទាំងប្រទេសតែម្ដង»។
ជាមួយគ្នានេះ សម្រាប់សភាពការណ៍នៅក្នុងរាជធានីភ្នំពេញវិញ ត្រូវបាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានគូសបញ្ជាក់ថា មានសភាពការណ៍ល្អប្រសើរ គ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយកើតឡើងនោះទេ ហើយកម្លាំងនគរបាលកំពុងតែធ្វើការល្បាតការពារនៅក្នុងមូលដ្ឋានជាប់ជាប្រចាំ។
សូមជម្រាបថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប លោក ទេព នីថា និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការ បានអះអាងដូចគ្នាថា ករណីកម្លាំងសមត្ថកិច្ចជាច្រើនប្រមាណ៨ម៉ឺននាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ដំណើរការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៦ មិនមែនជាការគំរាមកំហែងនោះទេ ពោលគឺដោយសារតែកំណើនការិយាល័យបោះឆ្នោត៕