(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានវាយយតម្លៃនៅក្នុងដំណាក់ដំបូងៗ នៅព្រឹកថ្ងៃបោះឆ្នោតនេះថា ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ នៅក្នុងប្រទេសកម្ពុជានាពេលនេះ បានដំណើរការទៅដោយរលូន គ្មានអំពើហិង្សា សេរី និងយុត្តិធម៌។
សមាជិកគណៈប្រតិភូ សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (International Conference of Asian Political Parties) បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅពេលចុះសង្កេតការណ៍នៅក្នុងការិយាល័យបោះឆ្នោត នៅសាលាគរុកោសល្យក្រុងតាខ្មៅថា ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនថែមទៀត នៅក្រោយការបោះឆ្នោតដែលមានលក្ខណៈត្រឹមត្រូវនាពេលនេះ។
សូមជម្រាបថា គណៈប្រតិភូសង្កេតការណ៍អន្តរជាតិជាង ៥០០នាក់ មកពីស្ថាប័ននិងប្រទេសចំនួន៤២ បានចូលរួមសង្កេតការណ៍ការបោះឆ្នោតក្នុងប្រទេសកម្ពុជាពេលនេះ។ ស្ថាប័នអន្តរជាតិទំាងនោះ សុទ្ធសឹងមានបទពិសោធន៍ក្នុងការចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនលើក នៅក្នុងប្រទេសជាច្រើន រួចមកហើយ។
ក្រុមអ្នកសង្កេតការណ៍អន្តរទំាងនោះមានដូចជា សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat international) ដែលហៅកាត់ថា CDI គណៈប្រតិភូអន្តរសភាអាស៊ាន AIPA សភាតំបន់អាស៊ី APA សភានិយាយភាសាបារំាង និងក្រុមអ្នកសង្កេតការណ៍មកពីប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី រុស្ស៊ី និងអង្គការ Muslim Association ជាដើម៕