(ឧត្តរមានជ័យ)៖ លោក ជា តារា មន្ត្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានទី១គណៈពង្រឹងការងារខេត្តឧត្តរមានជ័យ បានបង្ហាញក្តីសប្បាយរីករាយជាខ្លាំងបន្ទាប់ពីបានចូលរួមបោះឆ្នោតជ្រើសមេដឹកនាំជាតិតាមលំអានលទ្ធិប្រជាធិបតេយ្យដែលតែងតែធ្វើយ៉ាងខ្ជាប់ខ្ជួនរៀងរាល់៥ឆ្នាំម្តង។
លោក ជា តារា បានចូលរួមបោះឆ្នោតនៅក្នុងស្រុកអន្លង់វែង ដែលជាដែនដីអតីតសមរភូមិសង្គ្រាម។ សម្រាប់លោក ជា តារា ក៏មិនខុសពីប្រជាពលរដ្ឋនៅក្នុងស្រុកអង្លង់វែងដែរ គឺផ្តល់តម្លៃខ្ពស់ចំពោះសុខសន្តិភាព និងការអភិវឌ្ឍ ដូច្នេះសន្លឹកឆ្នោតរបស់គាត់នៅថ្ងៃនេះ គឺលោករំពឹងថា នឹងនាំឲ្យមាតុភូមិកម្ពុជាបន្តរក្សាបានសុខសន្តិភាព និងការរីកចម្រើនទៅមុខបន្តទៀត។
លោក ជា តារា ដែលជាមេទ័ពមួយរូបធ្លាប់ឆ្លងកាត់សមរភូមិក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាម បានថ្លែងថា «សង្គ្រាមនៅកម្ពុជាបានធ្វើឲ្យខ្ញុំ ក៏ដូចជាពលរដ្ឋទូទៅជាពិសេសអ្នកស្រុកអន្លង់វែងឆ្អែតឆ្អន់ហើយ មិនចង់ឃើញទៀតឡើយភ្លើងសង្គ្រាម។ ដូច្នេះសន្លឹកឆ្នោតរបស់ពួកយើងនៅថ្ងៃនេះ គឺចង់ឃើញកម្ពុជាបន្តរក្សាបានសុខសន្តិភាព និងការរីកចម្រើនទៅមុខបន្តទៀត»។
លោក ជា តារា បានបង្ហាញការជឿជាក់មេដឹកនាំដែលគាត់បានទម្លាក់សន្លឹកឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ នឹងសម្រេចបានក្តីប្រាថ្នារបស់លោក ក៏ដូចជាប្រជាពលរដ្ឋទូទៅ គឺធ្វើឲ្យជាតិកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរ៕