(តាកែវ)៖ លោក ជា វ៉ាន់ដេត តំណាងរាស្ត្រខេត្តតាកែវ បានថ្លែងអបអរសាទរប្រជាពលរដ្ឋនៅស្រុកបាទី ដែលបានចេញទៅបោះឆ្នោតបានជាង ៧០ភាគរយហើយគិតត្រឹមម៉ោង១១៖៣០នាទីនេះ។ នេះបង្ហាញឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋបានបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋល្អ ដើម្បីគូសសន្លឹកឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគ្រប់គ្រងប្រទេស ដើម្បីសន្តិភាព និងការអភិវឌ្ឍបន្តទៀត។
ដោយឡែកលោកតំណាងរាស្រ្ត ក៏បានសម្តែងការរីករាយបំផុត និងអបអរសាទរចំពោះប្រជាពលរដ្ឋភូមិថ្មី នៃឃុំលំពង់ និងភូមិត្រាំសរសរ នៃឃុំត្រពាំងក្រសាំង ស្រុកបាទី ដែលបានចេញ ទៅបោះឆ្នោតក្នុងអត្រា៩៩ភាគរយហើយ។
ប្រជាពលរដ្ឋនៅស្រុកបាទី បានបោះឆ្នោតបានជាង៧០ភាគរយនេះ គឺបង្ហាញយ៉ាងច្បាស់នូវឆន្ទៈដ៏ល្អរបស់ប្រជាពលរដ្ឋនៅ ហើយលោកតំណាងរាស្រ្ត សង្ឃឹមថាប្រជាពលរដ្ឋក្នុងស្រុកបាទីនេះ នឹងចេញទៅបោះឆ្នោតបានបានយ៉ាងច្រើនថែមទៀត។
សូមជម្រាបថា តាមបញ្ជីឈ្មោះចុងក្រោយរបស់គ.ជ.ប នៅឆ្នាំ២០១៧ ប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៨,៣៨០,២១៧នាក់។ ជាមួយគ្នានេះ ការិយាល័យបោះឆ្នោតទូទាំងប្រទេស មានចំនួនសរុប ២២,៩៦៧ការិយាល័យ៕