(កណ្តាល)៖ ប្រជាពលរដ្ឋនៅស្រុកពញាឮ ខេត្តកណ្តាល បាននាំគ្នាទៅបោះឆ្នោតយ៉ាងច្រើនកុះករ ឈរតម្រង់ជួរតាំងពីម៉ោង៧ព្រឹក នៅគ្រប់ការិយាល័យបោះឆ្នោត ប្រកបដោយទឹកមុខរីករាយ ស្លៀកពាក់ស្អាតបាតសមរម្យបំផុត និងមានវិន័យថ្លៃថ្នូរ សមជាប្រជាពលរដ្ឋនៃប្រទេសឯករាជ្យ និងប្រជាធិបតេយ្យ។
ជាមួយគ្នានេះ លោក លឹម គានហោ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាឮ និងក្រុមគ្រួសារ ក៏បានអញ្ជើញទៅបោះឆ្នោតរួចហើយផងដែរនៅឃុំកំពង់លួង។ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប លោកបានបង្ហាញភាពសប្បាយរីករាយ ក្នុងឱកាសដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំប្រទេស ក្នុងរយៈពេល៥ឆ្នាំម្តង ដែលត្រូវបានរៀបចំឡើង ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប។
សូមជម្រាបថា តាមបញ្ជីឈ្មោះចុងក្រោយរបស់ គ.ជ.ប នៅឆ្នាំ២០១៧ ប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន៨,៣៨០,២១៧នាក់។ ជាមួយគ្នានេះ ការិយាល័យបោះឆ្នោតទូទាំងប្រទេស មានចំនួនសរុប ២២,៩៦៧ការិយាល័យ៕