(ភ្នំពេញ)៖ តាំងពីព្រឹកព្រលឹម ម៉ោង៧៖០០ ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត បាននាំគ្នាទៅកាន់ការិយាល័យបោះឆ្នោតយ៉ាងច្រើនកុះករ ដើម្បីបោះឆ្នោតជ្រើសរើសគណបក្សនយោបាយដែលពួកគេពេញចិត្ត សម្រាប់ការដឹកនាំប្រទេសរយៈពេល៥ឆ្នាំបន្តទៀត។
ព្រឹកនេះ នៅតាមមណ្ឌលការិយាល័យនីមួយៗ នៅទូទាំងប្រទេស អ្នកបោះឆ្នោតមានចំនួនណែនតាន់តាប់ ប៉ុន្តែការរៀបចំរបស់គ.ជ.ប បានធ្វើឡើងយ៉ាងល្អ ដោយមានសណ្តាប់ធ្នាប់ត្រឹមត្រូវ និងមានការយោគយល់គ្នាខ្ពស់។ ប្រជាពលរដ្ឋដែលបានបោះឆ្នោតរួច បានបង្ហាញទឹកចិត្តរីករាយជាមួយនឹងការជ្រើសរើសមេដឹកនាំដែលពួកគេពេញចិត្តតាមបែបប្រជាធិបតេយ្យ នៅក្នុងប្រទេសដែលកំពុងមានសន្តិភាព។ ពួកគាត់បានបង្ហាញចង្អុលដៃ ដែលបានជ្រលក់ទឹកខ្មៅលុបមិនជ្រះដែលទិញមកពីឥណ្ឌាប្រាប់សាធារណជនថា ពួកគាត់បានបំពេញកាតព្វកិច្ច ក្នុងនាមប្រជាពលរដ្ឋរួចហើយផងដែរ។
ដ្បិតតែនៅតាមដងផ្លូវមួយចំនួនស្ងប់ស្ងាត់បន្តិច ប៉ុន្តែទៅប្រជុំផ្តុំគ្នានៅទីតាំងបោះឆ្នោតនោះ នៅថ្ងៃនេះតាមបណ្តាញសង្គមក៏រឹតតែសកម្មថែមទៀត ដោយសារអ្នកលេងហ្វេសប៊ុកជាច្រើន (មិនមែន Fake Account) ដែលបានបោះឆ្នោតរួច បានបង្ហោះព្រោងព្រាតនូវសកម្មភាពបោះឆ្នោត និងបង្ហាញចង្អុលដៃដែលមានទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ ហាក់ដូចជាចង់បង្ហាញអំពីមោទនភាពប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
ការចូលរួមបោះឆ្នោតដ៏សស្រាក់សស្រាំបែបរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនាពេលនេះ មិនខុសអ្វីពីការបោះឆ្នោតកាលពីអាណត្តិមុនៗទេ ហើយលើកនេះសឹងតែអាចមានចំនួនច្រើនជាងអាណត្តិមុនៗទៅទៀត នេះបើមើលតាមជាក់ស្តែង។
ការចូលរួមបោះឆ្នោតរបស់ពលរដ្ឋនាពេលនេះ ហាក់កំពុងតែសម្លាប់ «យុទ្ធនាការដេកផ្ទះឈ្នះឯង» ដែលជាទ្រឹស្តីជនបរាជ័យដាក់ចេញដោយ ក្រុមប្រឆាំងដឹកនាំដោយបុគ្គល សម រង្ស៊ី មុនការបោះឆ្នោតសកល។ យុទ្ធនាការនេះគឺជនក្បត់ជាតិ សម រង្ស៊ី ដាក់ចេញក្នុងគោលបំណងញុះញង់ប្រជាពលរដ្ឋខ្មែរមិនឱ្យទៅបោះឆ្នោត ក្នុងគោលដៅរារាំងដល់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដែលតែងធ្វើឡើងជាទៀងទាត់មិនដែលខានរៀងរាល់៥ឆ្នាំម្តង។ ប៉ុន្តែការចង់បំបែកប្រវត្តិសាស្រ្តបោះឆ្នោតនេះ មិនអាចទៅរួចឡើយ ដោយសារតែពលរដ្ឋយល់ដឹងអំពីតម្លៃនៃការបោះឆ្នោត ហើយមិនងាយនឹងធ្លាក់ក្នុងអន្ទាក់របស់ក្រុមក្បត់ជាតិឡើយ។
សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ប្រព្រឹត្តទៅតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃអាទិត្យនេះ មិនមានច្រើនថ្ងៃដូចការឃោសនារបស់ក្រុមបំផ្លាញការបោះឆ្នោតនោះទេ។ ការបោះឆ្នោតនេះ ចាប់ផ្តើមពីម៉ោង៧៖០០ព្រឹក រហូតដល់ម៉ោង៣៖០០រសៀល។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨នេះ មានការិយាល័យបោះឆ្នោតចំនួន ២២,៩៦៧កន្លែង នៅទូទាំងប្រទេស និងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិនេះ មានចំនួនទៅដល់១២៥ ដែលកើនឡើងប្រមាណ ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតនេះ កាលពីអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣។
ចំណែកអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មានរហូតដល់ជាង៩ម៉ឺននាក់ ត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការ ក្នុងនោះអ្នកអង្កេតការណ៍អន្តរជាតិមានរហូតដល់ជាង៥០០នាក់ មកពីជាង៧០ស្ថាប័ន ជុំវិញពិភពលោក រួមមានដូចជា សហគមន៍អឺរ៉ុប អាមេរិក អាស៊ី អាស៊ាន អូស្រ្តាលី និងតំបន់មួយចំនួនទៀត ខណៈឆ្នាំ២០១៣ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៥ មានអ្នកសង្កេតការណ៍អន្តរជាតិត្រឹម២៤៣នាក់ប៉ុណ្ណោះ។
យុទ្ធនាការម្រាមដៃស្អាត ដែលដាក់ចេញដោយមេចលនាសង្រ្គោះជាតិ ត្រូវបានសន្មត់ថា បានបរាជ័យទាំងស្រុងនៅថ្ងៃនេះ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរជាច្រើន ទៅចូលរួមបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំ អ្នកអភិវឌ្ឍប្រទេសពិតប្រាកដ ដែលមេដឹកនាំពិតប្រាកដនេះ មិនមានជាអ្នកគ្រាន់តែនិយាយ គ្រាន់តែថា គ្រាន់តែចាំរិះគន់ រហូតដល់ហ៊ានបំផ្លាញជាតិខ្លួនឯងថែមទៀតឱ្យតែចំណេញនិយោយទុច្ចរិតរបស់ពួកគេ៕