(ត្បូងឃ្មុំ)៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ បានចាប់ផ្តើមដំណើរការព្រមៗគ្នា នៅគ្រប់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសចាប់ តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។ ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានចេញទៅបោះឆ្នោតជាបន្តបន្ទាប់ នៅតាមការិយាល័យបោះឆ្នោតនានា នៅទូទាំងប្រទេស។
សម្រាប់ការបោះឆ្នោតនេះ នៅវេលាម៉ោង៧ព្រឹក លោក ជា សុផារ៉ា បេក្ខជនតំណាងរាស្រ្តខេត្តត្បូងឃ្មុំ បានអញ្ជើញបោះឆ្នោតនៅការិយាល័យលេខ ១២២៣ ស្ថិតក្នុងវិទ្យាល័យតេជោ ហ៊ុន សែន សួង ខេត្តត្បូងឃ្មុំ។
បើតាម គ.ជ.ប ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ឆ្នាំ២០១៨នេះ មានអ្នកបោះឆ្នោតសរុបជាង៨លាននាក់ មានការិយាល័យបោះឆ្នោតចំនួនជាង២ម៉ឺនកន្លែង។ ដោយឡែកសម្រាប់ខេត្តត្បូងឃ្មុំ មានអ្នកបោះឆ្នោតចំនួនជាង៤សែននាក់ និងមានការិយាល័យបោះឆ្នោតចំនួន១២៩៥ការិយាល័យ។
ខេត្តត្បូងឃ្មុំ មានអាសនៈចំនួន៨ ក្នុងចំណោមអាសនៈរដ្ឋសភា នីតិកាលទី៦ សរុបចំនួន ១២៥អាសនៈ ហើយខេត្តត្បូងឃ្មុំមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ១៣ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៨នេះ។ ក្នុងនោះមាន៖ គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី, គណបក្សសញ្ជាតិកម្ពុជា, គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សខ្មែរឈប់ក្រ, គណបក្សហ្វ៊ុនស៉ីនប៉ិច, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សយុវជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សខ្មែរតែមួយ, និងគណបក្សប្រជាជនកម្ពុជា។
ដោយឡែកចំពោះគណបក្សនយោបាយចំនួន៧ ដែលពុំបានដាក់ឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងខេត្តត្បូងឃ្មុំ រួមមាន៖ គណបក្សមាតុភូមិយើង, គណបក្សខ្មែរក្រោក, គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សធម្មាធិបតេយ្យ, និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។
ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅថ្ងៃបោះឆ្នោតនេះ កងកម្លាំងសមត្ថកិច្ច រួមមាន៖ នគបាលជាតិ, កងរាជអាវុធហត្ថ, កងខេមរភូមិន្ទ, និងប្រជាការពារសរុបចំនួន ៣៤៦៦នាក់ នៅក្នុងខេត្តត្បូងឃ្មុំ ត្រូវដាក់ពង្រាយការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត៕