(រតនគិរី)៖ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នៅក្នុងខេត្តរតនគិរី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅជាមួយបរិយាកាសល្អប្រសើរ ខណៈប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតក៏មានចំនួនច្រើនផងដែរ។
គេសង្កេតឃើញថានៅគ្រប់ការិយាល័យទាំង២៧៥ នៅទូទាំងខេត្តបានបើកទ្វាឲ្យប្រជាពលរដ្ឋចូលបោះឆ្នោតនៅម៉ោង៧ព្រឹក ហើយប្រជាពលរដ្ឋបានអញ្ជើញមកឈរតំរៀបជួរគ្នាយ៉ាងមានរបៀបរាបរយ ដើម្បីទៅបោះឆ្នោតម្តងម្នាក់ៗតាមលេខរៀងក្នុងទឹកមុខសប្បាយរីករាយ។
ប្រជាពលរដ្ឋម្នាក់ដែលបានបោះឆ្នោតហើយ បានសម្តែងនូវការសប្បាយរីករាយ ដោយគាត់បានប្រើប្រាស់សិទ្ធិ និងកាតព្វកិច្ចរបស់គាត់ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយដែលគាត់ស្រលាញ់ដោយគ្មានការបង្ខិតបង្ខំ និងការគំរាមកំហែងពីនរណាឡើយ ពោលគឺការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ។
គួរបញ្ជាក់ថា នៅក្នុងខេត្តរតនគិរីមានប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨មានចំនួន ៩៥,៣៨១នាក់។ មានការិយាល័យបោះឆ្នោតទូទាំងខេត្តសរុប ២៧៥ការិល័យ។ មានគណបក្សនយោបាយឈរឈ្មោះចំនួន១១ រួមមាន៖ គណបក្សខ្មែររួបរួមជាតិ, គណបក្ស សញ្ជាតិកម្ពុជា, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សខ្មែរឈប់ក្រ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សឆន្ទៈខ្មែរ, គណបក្សជនជាតិដើម្បីប្រជាធិបតេយ្យកម្ពុជា និង គណបក្សប្រជាជនកម្ពុជា៕