(ភ្នំពេញ)៖ ក្រុមប្រជាពលរដ្ឋទាំងឡាយ ដែលជាម្ចាស់ជោគវាសនារបស់ជាតិ បានចាប់ផ្តើមនាំគ្នាបង្ហាញចង្អុលដៃ ដែលមានស្នាមទឹកខ្មៅ ដើម្បីបញ្ជាក់ថា ពួកគាត់បានចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នាព្រឹកព្រលឹម ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News នៅទូទាំងប្រទេស បានឱ្យដឹងថា នៅព្រឹកនេះ តាមមណ្ឌលនីមួយៗ មានពលរដ្ឋដែលមានឈ្មោះបោះឆ្នោតជាច្រើនកកកុញ បានចូលរួមបោះឆ្នោតជូនគណបក្សនយោបាយ ដែលខ្លួនពេញចិត្ត ដើម្បីឱ្យដឹកនាំប្រទេសរយៈពេល៥ឆ្នាំបន្តទៀត។ ពលរដ្ឋខ្លះក៏បានបោះឆ្នោតរួចហើយ ឯពលរដ្ឋខ្លះទៀតក៏កំពុងធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត។
ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ប្រព្រឹត្តទៅតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃអាទិត្យនេះ មិនមានច្រើនថ្ងៃដូចការឃោសនារបស់ក្រុមបំផ្លាញការបោះឆ្នោតនោះឡើយ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨នេះ មានការិយាល័យបោះឆ្នោតចំនួន ២២,៩៦៧កន្លែង នៅទូទាំងប្រទេស និងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិនេះ មានចំនួនទៅដល់១២៥ ដែលកើនឡើងប្រមាណ ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតនេះ កាលពីអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣។
ចំណែកអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មានរហូតដល់ជាង៩ម៉ឺននាក់ ត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការ ក្នុងនោះអ្នកអង្កេតការណ៍អន្តរជាតិមានរហូតដល់ជាង៥០០នាក់ មកពីជាង៧០ស្ថាប័ន ជុំវិញពិភពលោក រួមមានដូចជា សហគមន៍អឺរ៉ុប អាមេរិក អាស៊ី អាស៊ាន អូស្រ្តាលី និងតំបន់មួយចំនួនទៀត ខណៈឆ្នាំ២០១៣ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៥ មានអ្នកសង្កេតការណ៍អន្តរជាតិត្រឹម២៤៣នាក់ប៉ុណ្ណោះ។
យុទ្ធនាការម្រាមដៃស្អាត ដែលដាក់ចេញដោយមេចលនាសង្រ្គោះជាតិ បានបរាជ័យទាំងស្រុងនៅថ្ងៃនេះ បន្ទាប់ពីប្រជាពលរដ្ឋទាំងឡាយបានទៅចូលរួមបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅគ្រប់មូលដ្ឋាន។ ប្រជាពលរដ្ឋមិនបាននៅស្ងៀមដេកផ្ទះ ហើយគិតថាឈ្នះដូចទ្រឹស្តីរបស់ជនបរាជ័យនោះឡើយ ដោយសារតែគ្មានលទ្ធផលល្អ ឬជោគជ័យណាមួយ ដែលកើតឡើងដោយការមិនធ្វើសកម្មភាពអ្វីនោះទេ៕