(ភ្នំពេញ)៖ នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ការិយាល័យបោះឆ្នោតជាង២ម៉ឺនកន្លែង នៅទូទាំងប្រទេស ចាប់ផ្តើមបើកទ្វារដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចូលទៅបោះឆ្នោតហើយ ដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ក្នុងឆ្នាំ២០១៨នេះ ត្រូវបានគ.ជ.ប អះអាងថា មានការិយាល័យបោះឆ្នោតចំនួន ២២,៩៦៧ការិយាល័យ ព្រមទាំងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិនេះ មានចំនួនទៅដល់១២៥ ដែលកើនឡើងប្រមាណ ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតនេះ កាលពីអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងបោះឆ្នោតនៅសាលាគរុកោសល្យវិក្រិត្យការក្រុង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកនេះតែម្តង។ ដោយឡែកសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច តាមការគ្រោងទុក ទ្រង់បោះឆ្នោតនៅខេត្តកំពង់ចាម។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បោះឆ្នោតនៅសាលាបឋមសិក្សាសែសិន នៅខេត្តបន្ទាយមានជ័យ។ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បោះឆ្នោតនៅវិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង រាជធានីភ្នំពេញ។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បោះឆ្នោតនៅសាលាបឋមសិក្សាចក ខេត្តត្បូងឃ្មុំ។ លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បោះឆ្នោតនៅសាលាបឋមសិក្សាសុធារស រាជធានីភ្នំពេញ។
ម្ចាស់ឆ្នោតទាំងអស់ ពេលនេះកាន់តែមានជម្រើសច្រើនជាងមុន ដោយសារការបោះឆ្នោតជាតិអាណត្តិនេះ មានគណបក្សនយោបាយចូលរួមរហូតដល់២០ ដើម្បីឱ្យពួកគាត់ជ្រើសរើស ដែលចំនួននេះបានកើនឡើងលើសច្រើនបើបៀបនឹងអាណត្តិទី៥ កាលពីឆ្នាំ២០១៣ ដែលមានត្រឹមតែ៨គណបក្សនប៉ុណ្ណោះចូលរួមប្រកួតប្រជែង៕