(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរត្រូវធ្វើការសម្រេចចិត្តលើជោគវាសនាជាតិ តាមរយៈបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដែលធ្វើឡើងជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង។ នេះជាលើកទី០៦ហើយ ដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចាប់តាំងពីរៀបចំបោះឆ្នោតលើកដំបូង ឆ្នាំ១៩៩៣មក។

នៅថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រុងប្រៀបខ្លួនរួចជាស្រេច ដើម្បីទៅបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អម្នាក់ ដែលចូលរួមបោះឆ្នោតជ្រើសរើសតំណាងគណបក្សនយោបាយ ខ្លួនពេញចិត្ត ឱ្យដឹកនាំអភិវឌ្ឍប្រទេសកម្ពុជា រយៈពេល៥ឆ្នាំទៅមុខទៀត។ ប្រជាពលរដ្ឋ ដែលជាកម្មករ និយោជិត ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកដោយមានប្រាក់ឈ្នួល ដើម្បីទៅចូលរួមបោះឆ្នោត ដែលពួកគេបានចាកចេញពីរាជធានីភ្នំពេញ ឬទីផ្សេងៗ ដើម្បីទៅបោះឆ្នោតនៅមណ្ឌលរបស់ខ្លួនរួចហើយចាប់តាំងពីថ្ងៃទី២៨កក្កដា។

ម្ចាស់ឆ្នោតទាំងអស់ ពេលនេះកាន់តែមានជម្រើសច្រើនជាងមុន ដោយសារការបោះឆ្នោតជាតិអាណត្តិនេះ មានគណបក្សនយោបាយចូលរួមរហូតដល់២០ ដើម្បីឱ្យពួកគាត់ជ្រើសរើស ដែលចំនួននេះបានកើនឡើងលើសច្រើនបើបៀបនឹងអាណត្តិទី៥ កាលពីឆ្នាំ២០១៣ ដែលមានត្រឹមតែ៨គណបក្សនប៉ុណ្ណោះចូលរួមប្រកួតប្រជែង។ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ អាណត្តិ​ទី​៦ មានពលរដ្ឋ​​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត​ចំនួន​ ៨,៣៨០,២១៧​នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិថ្មីនេះ មានចំនួនរហូតដល់១២៥ ដែលកើនឡើង ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣។

ចំនួនអ្នកអង្កេតការណ៍៖

សម្រាប់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិវិញ នៅក្នុងអាណត្តិនេះ មានរហូតដល់ជាង៩ម៉ឺននាក់ ត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការ។ ក្នុងនោះអ្នកអង្កេតការណ៍អន្តរជាតិមានរហូតដល់ជាង៥០០នាក់ មកពីជាង៧០ស្ថាប័ន ជុំវិញពិភពលោក រួមមានដូចជា សហគមន៍អឺរ៉ុប អាមេរិក អាស៊ី អាស៊ាន អូស្រ្តាលី និងតំបន់មួយចំនួនទៀត ខណៈឆ្នាំ២០១៣ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៥ ​មានអ្នកសង្កេតការណ៍អន្តរជាតិត្រឹម២៤៣នាក់ប៉ុណ្ណោះ។

ចំនួនការិយាល័យបោះឆ្នោត៖

ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ មានការិយាល័យ ២២,៩៦៧ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៨,៣៨០,២១៧នាក់ ។ ការបោះឆ្នោតអាណត្តិទី៦ មានគណបក្សនយោបាយ ២០ចូលរួមប្រកួតប្រជែង។ គណបក្សទាំង ២០នោះរួមមាន៖

១៖ គណបក្ស ខ្មែររួបរួមជាតិ
២៖ គណបក្ស មាតុភូមិយើង
៣៖ គណបក្ស ពន្លឺថ្មី
៤៖ គណបក្ស សញ្ជាតិកម្ពុជា
៥៖ គណបក្ស ខ្មែរក្រោក
៦៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៧៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន
៨៖ គណបក្ស សាធារណៈរដ្ឋប្រជាធិបតេយ្យ
៩៖ គណបក្ស រស្មីខេមរា
១០៖ គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
១១៖ គណបក្ស ខ្មែរសាធារណៈរដ្ឋ
១២៖ គណបក្ស ខ្មែរឈប់ក្រ
១៣៖ គណបក្សហ្វ៊ុនស៊ិនប៉ិច
១៤៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៥៖ គណបក្ស យុវជនកម្ពុជា
១៦៖ គណបក្ស ធម្មាធិបតេយ្យ
១៧៖ គណបក្ស ឆន្ទៈខ្មែរ
១៨៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៩៖ គណបក្ស ខ្មែរតែមួយ
២០៖ គណបក្ស ប្រជាជនកម្ពុជា។

ចំនួនអាសននៅតាមមណ្ឌលបោះឆ្នោតទាំង២៥រាជធានី-ខេត្ត៖

• មណ្ឌលរាជធានីភ្នំពេញ មាន១២អាសនៈ
• មណ្ឌលខេត្តបន្ទាយមានជ័យ មាន ៦អាសនៈ
• មណ្ឌលខេត្តបាត់ដំបង មាន ៨អាសនៈ
• មណ្ឌលខេត្តកំពង់ចាម មាន ១០អាសនៈ
• មណ្ឌលខេត្តកំពង់ឆ្នាំង មាន ៤អាសនៈ
• មណ្ឌលខេត្តកំពង់ស្ពឺ មាន ៦អាសនៈ
• មណ្ឌលខេត្តកំពង់ធំ មាន ៦អាសនៈ
• មណ្ឌលខេត្តកំពត មាន ៦អាសនៈ
• មណ្ឌលខេត្តកណ្តាល មាន ១១អាសនៈ
• មណ្ឌលខេត្តកោះកុង មាន ១អាសនៈ
• មណ្ឌលខេត្តក្រចេះ មាន ៣អាសនៈ
• មណ្ឌលខេត្តមណ្ឌលគិរី មាន ១អាសនៈ
• មណ្ឌលខេត្តព្រះវិហារ មាន ១អាសនៈ
• មណ្ឌលខេត្តព្រៃវែង មាន ១១អាសនៈ
• មណ្ឌលខេត្តពោធិ៍សាត់ មាន ៤អាសនៈ
• មណ្ឌលខេត្តរតនគិរី មាន ១អាសនៈ
• មណ្ឌលខេត្តសៀមរាប មាន ៦អាសនៈ
• មណ្ឌលខេត្តព្រះសីហនុ មាន ៣អាសនៈ
• មណ្ឌលខេត្តស្ទឹងត្រែង មាន ១អាសនៈ
• មណ្ឌលខេត្តស្វាយរៀង មាន ៥អាសនៈ
• មណ្ឌលខេត្តតាកែវ មាន ៨អាសនៈ
• មណ្ឌលខេត្តកែប មាន ១អាសនៈ
• មណ្ឌលខេត្តប៉ៃលិន មាន ១អាសនៈ
• មណ្ឌលខេត្តឧត្តរមានជ័យ មាន ១អាសនៈ
• មណ្ឌលខេត្តត្បូងឃ្មុំ មាន ៨អាសនៈ។

ប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា៖

ការបោះឆ្នោតនៅកម្ពុជាតាមលទ្ធិប្រជាធិបតេយ្យបានចាប់ផ្តើមឡើងជាថ្មីនៅឆ្នាំ១៩៩៣ បន្ទាប់ពីមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។

ការបោះឆ្នោតលើកទី១ ឆ្នាំ១៩៩៣ មានការជួយជ្រោមជ្រែងរៀបចំដោយអង្គការសហប្រជាជាតិ។ អាណត្តិទី១ អាសនៈនៅរដ្ឋសភាមានចំនួន១២០ មានគណបក្សនយោបាយចំនួន៤ ដែលទទួលបានអាសនៈរួមមាន៖ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួល ៥៨អាសនៈ, គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥១អាសនៈ, គណបក្សប្រជាធិបតេយ្យព្រះពុទ្ធសាសនារបស់លោកតា សឺន សាន ទទួលបាន ១០អាសនៈ និងគណបក្សម៉ូលីកា របស់លោក អៀង ម៉ូលី ទទួលបាន ១អាសនៈ។

សម្រាប់អាណត្តិទី២ ឆ្នាំ១៩៩៨ អាសនៈនៅរដ្ឋសភាបានកើនឡើងដល់១២២ ហើយមានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែង តែគណបក្សតែ៣ប៉ុណ្ណោះទទួលបានអាសនៈ រួមមាន គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៤អាសនៈ, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤៣អាសនៈ និងគណបក្ស សម រង្ស៊ី ទទួលបាន ១៥អាសនៈ។

សម្រាប់អាណត្តិទី៣ ឆ្នាំ២០០៣ អាសនៈរដ្ឋសភា បានកើនដល់១២៣។ អាណត្តិទី៣នេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែង តែគណបក្សតែ៣ប៉ុណ្ណោះ ទទួលបានអាសនៈ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៧៣អាសនៈ, គណបក្សសមរង្ស៊ី ទទួលបាន ២៤អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២៦អាសនៈ។

អាណត្តិទី៤ ឆ្នាំ២០០៨ អាសនៈនៅតែ ១២៣ដដែល គណបក្សនយោបាយចូលរួមប្រកួតប្រជែងមានចំនួន១១គណបក្ស។ តែគណបក្សទទួលបានអាសនៈមានតែ៥ប៉ុណ្ណោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៩០អាសនៈ គណបក្សសមរង្ស៊ី ទទួលបាន ២៦អាសនៈ គណបក្សសិទ្ធិមនុស្ស ទទួលបាន ៣អាសនៈ គណបក្សនរោត្តម រណឫទ្ធិ ទទួលបាន ២អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ២អាសនៈ។

សម្រាប់អាណត្តិទី៥ ឆ្នាំ២០១៣កន្លងទៅនេះវិញ អាសនៈនៅរដ្ឋសភាមានចំនួន ១២៣ដដែល គណបក្សចូលរួមប្រកួតប្រជែងមានចំនួន ៨គណបក្ស។ តែមានគណបក្សនយោបាយតែពីរប៉ុណ្ណោះទទួលបានអាសនៈ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨អាសនៈ និងសង្គ្រោះជាតិទទួលបាន ៥៥អាសនៈ៕