Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលរាជធានីភ្នំពេញ ចុះល្បាតត្រួតពិនិត្យការិយាល័យបោះឆ្នោតទូទាំងរាជធានីភ្នំពេញ ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការបោះឆ្នោត

28-07-2018 21:30

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ នគរបាលនៅតាមបណ្តាខណ្ឌនានា​ ក្នុងរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះល្បាត​ និងត្រួតពិនិត្យនៅតាមគោលដៅ ការិយាល័យបោះឆ្នោតនានា ទូទាំងរាជធានីភ្នំពេញ សំដៅធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ ក្នុងដំណើរការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ។

ដោយឡែក នៅខណ្ឌពោធិ៍សែនជ័យ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ ក៏បានបញ្ជាក់ផងដែរថា នៅយប់នេះ លោកបានដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំងបញ្ជាការឯកភាពខណ្ឌ ក៏បានចុះល្បាតនៅតាមមូលដ្ឋាន និងការិយាល័យបោះឆ្នោតទាំងអស់ ដើម្បីពិនិត្យមើលអំពីបញ្ហាសុវត្ថិភាព បញ្ហាសណ្តាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោត ហើយជាលទ្ធផល មានភាពល្អប្រសើរ មិនមានបញ្ហាអ្វីនោះទេ។

គួរបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅរាជធានីភ្នំពេញ ដោយបានដាក់កងកម្លាំងនគរបាលជាតិចំនួនជិត៥ពាន់នាក់ នៅតាមគោលដៅចំនួនដូចជា ការិយាល័យបោះឆ្នោត ជុំវិញបរិវេណការិយាល័យ ជាពិសេស មុន ក្នុង និងក្រោយពេលបោះឆ្នោត រហូតដល់ចប់ការបោះឆ្នោតជាស្ថាពរ។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប លោក ទេព នីថា និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការ បានអះអាងដូចគ្នាថា ករណីកម្លាំងសមត្ថកិច្ចជាច្រើនប្រមាណ៨ម៉ឺននាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ដំណើរការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៦ មិនមែនជាការគំរាមកំហែងនោះទេ ពោលគឺដោយសារតែកំណើនការិយាល័យបោះឆ្នោត៕