គ.ជ.ប ប្រើដំរីដឹកសម្ភារបោះឆ្នោត ទៅកាន់ការិយាល័យបោះឆ្នោតក្នុងភូមិសាស្ត្រដ៏លំបាក ក្នុងខេត្តមណ្ឌលគិរី (Video inside)
28-07-2018 18:47
(ភ្នំពេញ)៖ ដូចនឹងការគ្រោងទុក សត្វដំរីត្រូវបានប្រើប្រាស់ ដើម្បីដឹកសម្ភារបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោតលេខ០០៨៣ ក្នុងភូមិសាស្ត្រដ៏លំបាក ដែលមានទីតាំងនៅភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ការិយាល័យលេខ០០៨៣ ដែលមានទីតាំងភូមិសាស្ត្រដ៏លំបាកនេះ ត្រូវប្រើដំរីជាយានជំនិះ ដើម្បីឆ្លងកាត់អូរប្លាយ និងជាមធ្យោបាយតែមួយគត់ ដើម្បីអាចទៅដល់ ទីតាំងនោះ ដែលមានអ្នកបោះឆ្នោតរស់នៅចំនួន១៣៣នាក់។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅតែមួយថ្ងៃគត់ គឺនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ ចាប់ពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង៣៖០០នាទីរសៀល៕
រូបភាពដោយ គ.ជ.ប