(ភ្នំពេញ)៖ ក្រោយពីបានពិនិត្យលើឯកសារនានា ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រគល់ជូនរួចមក គណៈប្រតិភូជាន់ខ្ពស់នៃសហភាពអឺរ៉ុប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់ គ.ជ.ប ដែលកំពុងប្រព្រឹត្តទៅដោយរលូន ឆ្ពោះទៅកាន់ការបោះឆ្នោតនៅទូទាំងប្រទេស នាថ្ងៃទី២៩ ខែកក្កដាស្អែកនេះ។ នេះបើតាមលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប។
លោក ឌឹម សុវណ្ណារុំ បានថ្លែងយ៉ាងដូច្នេះថា៖ «មានគណៈប្រតិភូមួយ គាត់ជាថ្នាក់ដឹកនាំជាន់ខ្ពស់ពីសហគមន៍អឺរ៉ុប គាត់វាយតម្លៃខ្ពស់ចំពោះការងាររបស់ គ.ជ.ប គាត់ថា ខ្ញុំមើលឯកសាររបស់អ្នកឯង អ្នកឯងធ្វើបានល្អម្ល៉េះ ហេតុអីបានគាត់និយាយហ្ចឹង ដោយសារតែខាងនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានរៀបចំជាកញ្ចប់ឯកសារមួយជូនគាត់ ហើយនៅក្នុងកញ្ចប់ឯកសារនោះយើងបានដាក់អ្វីខ្លះ យើងបានដាក់ច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សំណួរ-ចម្លើយ យើងបានផ្សព្វផ្សាយពីសេចក្ដីប្រកាសព័ត៌មាន ដែលពាក់ព័ន្ធនឹងការងាររបស់ គ.ជ.ប និងការងារភាពជាអ្នកបម្រើសេវាទៅដល់ម្ចាស់ឆ្នោត»។
លោកបន្តថា «ក្នុងការបោះឆ្នោត ឯកឧត្តមប្រធាន ស៊ិក ប៊ុនហុក បានបញ្ជាក់ហើយថា តួអង្គសំខាន់ពីរក្នុងរឿងបោះឆ្នោតដែលត្រូវដើរទន្ទឹមគ្នា គឺ គ.ជ.ប និងអ្នកបោះឆ្នោត។ ក្នុងន័យនេះ យើងបានរៀបចំឯកសារជា Folder ជូនគាត់ ពេលគាត់មកដល់ គាត់បានអានឯកសារទាំងអស់គ្នានោះ គាត់ថា អ្នកឯងមានបទពិសោធន៍ពី ២៥-៣០ឆ្នាំទៅហើយ ហ្ចឹងមានបទពិសោធន៍ពេញទី ចុះម៉េចអ្នកឯងមិនព្រមនិយាយប្រាប់គេទៅថា យើងធ្វើការងារនេះបានល្អណាស់ អត់មានអ្វីមួយដែលមានលក្ខណៈមិនប្រក្រតីទេ»។
លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងថា នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈរបស់ គ.ជ.ប បានរៀបចំជាកញ្ចប់ឯកសារមួយ មានរៀបរាប់ពីច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សំណួរ-ចម្លើយ ការផ្សព្វផ្សាយពីសេចក្ដីព័ត៌មាននានា ដែលពាក់ព័ន្ធនឹងការងាររបស់ គ.ជ.ប និងការងារភាពជាអ្នកបម្រើសេវាដល់ម្ចាស់ឆ្នោត ប្រគល់ជូនគណៈប្រតិភូជាន់ខ្ពស់នៃសហភាពអឺរ៉ុប ដើម្បីពិនិត្យមើល។
លោក ឌឹម សុវណ្ណារុំ បានបន្តថា ក្រោយពីបានឃើញឯកសារទាំងនេះហើយ គណៈប្រតិភូជាន់ខ្ពស់នៃសហភាពអឺរ៉ុប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងាររៀបចំការបោះឆ្នោត និងការចងក្រងឯកសារនានារបស់ គ.ជ.ប។ មួយទៀតសោត គណៈប្រតិភូជាន់ខ្ពស់នៃសហភាពអឺរ៉ុប ក៏បានលើកទឹកចិត្តដល់ គ.ជ.ប ឱ្យផ្សព្វផ្សាយបង្ហាញលទ្ធផលទាំងអស់នោះ ប្រាប់ទៅកាន់អន្តរជាតិឱ្យយល់ច្បាស់ផងដែរ៕
ខាងក្រោមនេះ ជាវីអេដូសម្ភាសន៍របស់លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប៖