(ភ្នំពេញ)៖ តាមរយៈអនុស្សរណៈយោគយល់គ្នាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុនមួយរបស់ជប៉ុននឹងបើកការសិក្សាលើគម្រោងអភិរក្សសត្វព្រៃ និងជីវចម្រុះក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប របស់រាជបណ្ឌិត្យសភា ដែលមានទំហំទឹកប្រាក់តាមការសិក្សារហូតដល់១ពាន់លានដុល្លារអាមេរិក។
គម្រោងនេះពិសេសអភិរក្សទៅលើសត្វព្រៃដែលស្ទើរតែដាច់ពូជ ដូចជាខ្លា ដំរី ផ្សោត ឱ្យមានស្ថិរភាពនៅក្នុងប្រទេសកម្ពុជាឡើងវិញ។
អនុស្សរណៈនៃការយោគយល់គ្នាដើម្បីសិក្សាគម្រោងអភិរក្សសត្វព្រៃនេះ ត្រូវបានចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយលោកបណ្ឌិត KINOSHITA SHUREI ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Nature Safari Co.Ltd នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោក KINOSHITA SHUREI បានបង្ហាញពីគោលបំណងនៃអនុស្សរណៈនេះថា គឺដើម្បីបញ្ឈប់ការបាត់បង់ធនធានធម្មជាតិ ហើយអភិរក្សធនធានទាំងអស់នោះ ឱ្យមានស្ថិរភាពឡើងវិញ ពិសេសការអភិរក្សសត្វព្រៃដែលស្ទើរតែដាច់ពូជ មានដូចជា សត្វខ្លា សត្វដំរី ត្រីដូហ្វីន (ផ្សោតទឹកសាប) ដែលមានក្នុងប្រទេសកម្ពុជា។
លោក KINOSHITA SHUREI បានបង្ហាញចំណុចសំខាន់ទាក់ទងនឹងគម្រោងមេថា ភាគីទាំងពីរនឹងរៀបចំឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនឫស្សីត្រឹប ទៅជាឧទ្យានមួយដែលមានលក្ខណៈទាក់ទាញដូចឧទ្យាននៅអាហ្រ្វិក ហើយលោកនឹងនាំយកបច្ចេកវិទ្យាទំនើបៗ មកពីប្រទេសជប៉ុន ទៅអនុវត្តនៅទីនោះ ដើម្បីធ្វើឱ្យឧទ្យាននោះរីកចម្រើន។
លោក KINOSHITA SHUREI បានបញ្ជាក់ទៀតថា ទំហំទឹកប្រាក់នៃគម្រោងដែលនឹងត្រូវសិក្សានោះមានតម្លៃជាង១ពាន់លានដុល្លារអាមេរិក។
លោក សុខ ទូច បានឱ្យដឹងថា រាជបណ្ឌិត្យសភាកម្ពុជា នឹងបង្កើតជាសារៈមន្ទីរមួយនៅទីនោះ ពីព្រោះមានវត្ថុជាច្រើននៅឧទ្យាននោះ ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងព្យាយាមការពារនូវសត្វព្រៃនៅទីនោះ និងបង្កើតជាមជ្ឈមណ្ឌលនៅទីនោះ ដើម្បីធ្វើឱ្យឧទ្យាននោះកាន់តែមានភាពទាក់ទាញ។
លោកបន្តថា កន្លងមកមានដៃគូជាច្រើនបានមកចាប់ដៃជាមួយរាជបណ្ឌិត្យសភាកម្ពុជា ហើយរាជបណ្ឌិត្យសភាកម្ពុជាបានបដិសេធ ដោយសារដៃគូទាំងនោះ ផ្ដោតលើជំនួញធំជាងការអភិរក្ស ប៉ុន្តែចំពោះក្រុមហ៊ុន Nature Safari Co.Ltd របស់ជប៉ុនមួយនេះឃើញថា ផ្តោតលើការអភិរក្សសត្វព្រៃច្រើនជាង។
រាជបណ្ឌិត្យសភាកម្ពុជា នឹងនាំយកសត្វកម្រនានា ដូចជាត្រីដូហ្វីន ឬត្រីផ្សោតទឹកសាបដែលជិតផុតពូជនៅលើពិភពលោក ទៅចិញ្ចឹមនៅក្នុងឧទ្យាននេះ ព្រោះនៅទីនោះមានអូរមួយហៅថា អូដាលាស់ ដែលរាជបណ្ឌិត្យសភាកម្ពុជាចង់រៀបចំនៅទីនោះឱ្យទៅជា ដូហ្វីន។ រាជបណ្ឌិត្យសភាកម្ពុជា នឹងរកសត្វខ្លាដែលជិតផុតពូជ និងដំរីយកទៅអភិរក្សនៅតំបន់នេះ ហើយរាជបណ្ឌិត្យសភាកម្ពុជានឹងប្រកាសប្រាប់ពិភពលោកថា គ្រប់ជាតិសាសន៍អាចមកទស្សនានូវអ្វីដែលជាសត្វកម្រស្ទើរតែផុតពូជ នៅឧទ្យានតេជោសែនឫស្សីត្រឹបនេះ។ ដូចនេះត្រូវបណ្តុះបណ្តាធនធានមនុស្ស ផ្នែកខាងឧទ្យាននុរក្ស ពេទ្យសត្វ ដើម្បីឱ្យថែរក្សាសត្វនៅទីនោះ។
លោក សុខ ទូច បានបន្ថែមថា សម្រាប់អនាគត រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំឱ្យប្រជាពលរដ្ឋចិញ្ចឹមគោយកទឹកដោះ ដែលនេះគឺទាមទារឱ្យរាជបណ្ឌិតត្រូវរៀបចំមុន ដើម្បីកុំឱ្យប្រជាពលរដ្ឋធ្វើទៅបរាជ័យ ទើបរាជបណ្ឌិត្យសភាកម្ពុជា ដើរតួរនាទីចងក្រងឯកសារ ហើយបើប្រជាពលរដ្ឋមិនចេះអាន រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំជាវីដេអូខ្លីៗ ដើម្បីឱ្យពួកគាត់មើល និងអនុវត្តតាម អនុវត្តហើយគាត់លក់ទឹកដោះគោមកឱ្យក្រុមហ៊ុន ហើយក្រុមហ៊ុននឹងទិញទឹកដោះគោនេះ។
មួយវិញទៀត បើគាត់ចង់ចឹញ្ចឹមគោ រាជបណ្ឌិត្យសភាកម្ពុជាអាចឱ្យគោទៅពួកគាត់ ដោយកាត់យកទឹកដោះគោឱ្យរួចនឹងតម្លៃគោនោះ ដែលនេះគឺធ្វើឱ្យកសិករមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ហើយរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំឱ្យពួកកាត់ចិញ្ចឹតាមបែបវិទ្យាសាស្ត្រ លែងឱ្យពួកគាត់ចិញ្ចឹមតាមបែបសភាវគតិទៀតហើយ។
លោក សុខ ទូច បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ទឹកប្រាក់រហូតដល់១ពាន់លានដុល្លារនេះគ្រាន់តែជាតម្លៃនៃការសិក្សា លើគម្រោងអភិរក្សសត្វព្រៃតែប៉ុណ្ណោះ ជប៉ុនមិនទាន់បានទម្លាក់ថវិកា១ដុល្លារនៅឡើយនោះទេ វាគ្រាន់តែការចុះហត្ថលេខាដើម្បីសិក្សាលើគម្រោងតែប៉ុណ្ណោះ៕